
ខេត្តកោះកុង៖ កម្ពុជា-ចិន ប្រកាសបើកការដ្ឋានសាងសង់ «វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អានុភាព១០០០មេហ្កាវ៉ាត់» ដំបូងគេបង្អស់ ស្ថិតក្នុងខេត្តកោះកុង ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាបានសន្តិសុខថាមពលនៅកម្ពុជា។

ពិធីបើកការដ្ឋានសាងសង់ប្រព្រឹត្តទៅដោយមានការចូលរួមដោយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ លោក កែវ រតនៈ បង្ហោះលើទំព័រហ្វេសប៊ុកថា គម្រោងវារីអគ្គិសនីបូមទឹកស្តុក១០០០មេហ្កាវ៉ាត់នេះ គឺជាគម្រោងធំទី៣នៅអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដែលបានចាប់ផ្តើមសាងសង់នៅខេត្តកោះកុង ដើម្បីបើកផ្លូវបន្ថែមឱ្យដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នៅពេលអនាគត។

ចំណែក លោក វ៉ាង វិនពីន បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះការបើកការដ្ឋានសាងសង់នេះ។ លោកឯកអគ្គរដ្ឋទូត វាយតម្លៃថា៖«បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់អគ្គិសនី នៅពេលមានតម្រូវការខ្ពស់ ធានាបានសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជា ឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍បៃតង គឺការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៣០»។

ទន្ទឹមគ្នា លោកទូត អះអាងថា ចិនមានឆន្ទៈជួយកម្ពុជា សាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនដល់ប្រជាជនកម្ពុជា។ លោក បន្តថា ចាប់តាំងពីឆ្នាំ២០១០មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន បានជួយឱ្យអត្រានៃការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី៥០ភាគរយ ដល់ជាង៩៥ភាគរយ និងបានជំរុញឱ្យសមាមាត្រថាមពលស្អាតនៅកម្ពុជា ឡើងដល់ ជាង៦៣ភាគរយ ដែលជាចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ាន។

គួរជ្រាបថា គម្រោងស្ថានីយវារីអគ្គិសស្តិនៅខេត្តកោះកុងនេះ គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ១ពាន់លានដុល្លារអាម៉េរិក ដោយក្រុមហ៊ុន China National Heavy Machinery Corporation ហើយប្រើពេលសាងសង់៥ឆ្នាំ។ សំណេរលើទំព័រហ្វេសប៊ុកក្រសួងរ៉ែ បានឱ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ គឺជាគម្រោងទី១ក្នុងប្រវត្តិសាស្ត្រ និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតងរបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសធានាបានសន្តិសុខថាមពលជាតិ៕



