ចុះហត្ថលេខារួចហើយ! កម្ពុជា ត្រៀមនាំមៀនសម្ងួតទៅកាន់ទីផ្សារប្រទេសចិន
S
Soriya Sou
04 មិថុនា 2026 01:00 PM

រាជធានីភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន...។

ពិធីចុះហត្ថលេខាធ្វើឡើងដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា និងលោកស្រី ស៊ុន ម៉េជុន (Sun Meijun) រដ្ឋមន្រ្តីទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលគយចិន កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក ឌិត ទីណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ បច្ចុប្បន្ន ភាគីទាំងពីរ កំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា រៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជាចូលទីផ្សារចិនកាន់តែងាយស្រួល។ រដ្ឋមន្រ្តីកសិកម្មកម្ពុជា បញ្ជាក់ថា ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្តការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរកម្ពុជា-ចិន។

ពិធីសារ SPS កំណត់លក្ខខណ្ឌថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន ដើម្បីធានាថារាល់កសិផលនាំចេញទាំងអស់ មិនមានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។ បើគ្មានពិធីសារ SPS ទេ គឺមិនអាចនាំចេញបានឡើយ បើទោះបីជាមានអ្នកចាំទិញក៏ដោយ ពីព្រោះប្រទេសនាំចូលតម្រូវឱ្យមានការចុះហត្ថលេខាលើពិធីសារ SPS លើកសិផលនីមួយៗជាមុនសិន ទើបគេអនុញ្ញាតឱ្យចូលក្នុងទីផ្សាររបស់គេជាផ្លូវការបាន។ ការចុះពិធីសារនិងអនុស្សរណៈនៃការយោគយល់ខាងលើនេះ បញ្ជាក់ពីលទ្ធផលផ្លែផ្កា ផ្អែកលើគោលជំហររួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនោះ ភាគីទាំងពីរនឹងជំរុញការនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងធានាបាននូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

សូមជម្រាបថា ក្រៅពីចុះហត្ថលេខាបើកផ្លូវនាំចេញមៀនសម្ងួតពីខ្មែរទៅកាន់ទីផ្សារចិន នៅថ្ងៃដដែល ភាគីកម្ពុជា-ចិន ក៏បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័ក ដំណាំនិងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាពផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត