ប្រមុខការទូតកម្ពុជា-ចិន ប្ដេជ្ញារួមគ្នាពង្រឹងភាពជាដៃគូ និងកៀកស្មាគ្នាលើកកម្ពស់ស្ថិរភាពក្នុងតំបន់
S
Soriya Sou
8 ម៉ោងមុន


រាជធានីភ្នំពេញ៖ កម្ពុជា-ចិន ប្ដេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន ព្រមទាំងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់…។

នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងជំនួបនាទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភា ជាពិសេស ចំពោះការអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់។ ក្រៅពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរួមគ្នា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក វ៉ាង យី ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេស លើការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា–ថៃផងដែរ។

ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណសាជាថ្មីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិន ក្នុងការ សម្របសម្រួលឱ្យមានការឈប់បាញ់ និងដំណោះស្រាយប្រកបដោយសន្តិភាពចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ​​​ ជាការឆ្លើយតប លោក វ៉ាង យី បានស្វាគមន៍ និងបានបញ្ជាក់ថា ចិនត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នៅក្នុងឆ្នាំនេះ។ ជាងនេះទៅទៀត ចិនប្តេជ្ញាគាំទ្រដល់កម្ពុជាលើការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងជីកសិកម្ម ក្នុងអំឡុងពេលដែលកម្ពុជា កំពុងជួបការលំបាកផ្នែកសន្តិសុខថាមពល និងកង្វះជីជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត