
រាជធានីឡុងដ៍៖ សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិរុស្ស៊ី និងក្រសួងការពារជាតិចក្រភពអង់គ្លេស បានឱ្យដឹងថា នាវាចម្បាំងប្រភេទហ្រ្វ៊ីហ្កេត (Frigate) របស់រុស្ស៊ីមួយគ្រឿង បានបាញ់កាំភ្លើងព្រមាន ដើម្បីបង្វែរទិសដៅអូប័រស៊ីវិលមួយ ដែលបង្ហូតទង់ជាតិចក្រភពអង់គ្លេស នៅជិតដែនទឹកអង់គ្លេស កាលពីថ្ងៃអង្គារទី១៦ ខែមិថុនា។

ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា ក្រុមនាវិកនៅលើនាវាចម្បាំង Admiral Grigorovich (អេដមិរ៉ល ហ្គ្រីហ្កូរ៉ូវិច) បានប្រទះឃើញអូប័រមួយគ្រឿង កំពុងធ្វើដំណើរក្នុងទិសដៅដែលអាចប្រឈមនឹងការបុកទង្គិចគ្នាជាមួយនាវាចម្បាំងរបស់ខ្លួន។ បន្ទាប់ពីបានព្យាយាមទាក់ទងតាមប្រព័ន្ធវិទ្យុជាច្រើនលើក តែមិនទទួលបានលទ្ធផល នាវាចម្បាំងនេះ ក៏បានបាញ់ព្រមាន រួមទាំងការប្រើប្រាស់អាវុធធុនតូច បាញ់សំដៅទៅខាងមុខអូប័រនោះ។ បន្ទាប់មកអូប័រនោះ ក៏បានប្តូរទិសដៅ និងបើកចេញឆ្ងាយទៅ។

ចំណែកឯក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏បានពិពណ៌នាអំពីការបាញ់ប្រហារនេះថា ជាការបញ្ចៀសការប៉ះទង្គិចគ្នា ពីសំណាក់នាវា Admiral Grigorovich ក្រោយព្យាយាមទាក់ទងទៅកាន់អូប័រនោះមិនបានសម្រេច។ ខាងភាគីរុស្ស៊ីបានលើកឡើងថា ការបាញ់ព្រមាននេះបានធ្វើឡើងនៅពេលដែលនាវាចម្បាំង និងអូប័រ ស្ថិតនៅចម្ងាយប្រហែល១៥០ម៉ែត្រពីគ្នា ខណៈប្រភពមួយដែលដឹងពីហេតុការណ៍នេះបានរាយការណ៍ថា នាវាចម្បាំង និងអូប័រ មានចម្ងាយឆ្ងាយពីគ្នាប្រហែល៤៥៧ម៉ែត្រ។ គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថានភាពមានអ័ព្ទក្រាស់ នៅតំបន់ច្រកសមុទ្ទអង់គ្លេស ចម្ងាយប្រហែល២០ម៉ាយល៍ ភាគខាងត្បូងកោះ Isle of Wight (អាយ អោហ្វ វែកធ៍) ដែលស្ថិតនៅក្រៅដែនទឹករបស់ចក្រភពអង់គ្លេស៕






