
រាជធានីឡុងដ៍៖ រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃអាទិត្យទី៣ ខែឧសភា ថា រាជធានីឡុងដ៍ ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមនៃកិច្ចពិភាក្សាដើម្បីរួមចំណែកក្នុងកញ្ចប់កម្ចីថវិកាចំនួន ១០៦ពាន់លានដុល្លារអាម៉េរិករបស់សហភាពអឺរ៉ុប សម្រាប់ផ្ដល់ជូនប្រទេសអ៊ុយក្រែន ខណៈនេះគឺជាសញ្ញាថ្មីមួយទៀតនៃការបង្កើនទំនាក់ទំនងវិស័យការពារជាតិអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅចំពេលមានសម្ពាធកើនឡើងពីសហរដ្ឋអាម៉េរិក។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តារមើ (Keir Starmer) អះអាងថា អង់គ្លេសចង់ធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីគាំទ្រអ៊ុយក្រែនក្នុងការទទួលបានឧបករណ៍យោធាសំខាន់ៗ។ កញ្ចប់កម្ចីដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុប កាលពីខែមុននេះ នឹងគ្របដណ្ដប់លើតម្រូវការ២ភាគ៣របស់អ៊ុយក្រែនសម្រាប់រយៈពេល២ឆ្នាំខាងមុខ ខណៈភាគច្រើននៃថវិកានោះ នឹងត្រូវប្រើប្រាស់សម្រាប់ការចំណាយលើវិស័យយោធា ដើម្បីការពារខ្លួនពីក្រញ៉ាំខ្លាឃ្មុំទឹកកករុស្ស៊ី ដែលបានអូសបន្លាយពេល៤ឆ្នាំមកហើយ។ រាជរដ្ឋាភិបាលអង់គ្លេស បញ្ជាក់ថា ការផ្ដល់មូលនិធិបន្ថែមនេះ ក៏អាចបើកឱកាសសម្រាប់អាជីវកម្មរបស់អង់គ្លេសក្នុងការផ្គត់ផ្គង់តម្រូវការបន្ទាន់របស់អ៊ុយក្រែនផងដែរ ជាពិសេស នៅក្នុងវិស័យការពារជាតិ។

ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ អង់គ្លេសក៏នឹងប្រកាសដាក់ទណ្ឌកម្មថ្មីៗលើក្រុមហ៊ុនរបស់រុស្ស៊ីនៅក្នុងសប្តាហ៍នេះ ដើម្បីបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់យោធារបស់រដ្ឋធានីមូស្គូ។ ដំណើរទស្សនកិច្ចរបស់លោក ស្តារមើរ ទៅកាន់ប្រទេសអាមេនី កើតឡើងចំពេលដែលរដ្ឋបាលលោក ត្រាំ កំពុងជំរុញឱ្យអឺរ៉ុបទទួលខុសត្រូវកាន់តែខ្លាំងលើវិស័យការពារជាតិរបស់ទ្វីបដោយខ្លួនឯង។ បណ្តាប្រទេសអឺរ៉ុប រួមមាន៖ អាល្លឺម៉ង់ បារាំង និងអង់គ្លេស កំពុងស្ថិតក្រោមសម្ពាធពីរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីពួកគេបានបដិសេធមិនចូលរួមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

លោកនាយករដ្ឋមន្ត្រី ស្តារមើរ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖«នៅពេលចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ធ្វើការជាមួយគ្នា យើងទាំងអស់គ្នានឹងទទួលបានអត្ថប្រយោជន៍ ហើយនៅក្នុងគ្រាដ៏វឹកវរនេះ យើងត្រូវតែដើរឱ្យបានឆ្ងាយ និងលឿនជាងមុនលើវិស័យការពារជាតិ ដើម្បីរក្សាសុវត្ថិភាពប្រជាជន»។ ជាងនេះទៅទៀត លោកក៏បានអំពាវនាវឱ្យមានការធ្វើសមាហរណកម្មការពារជាតិឱ្យកាន់តែខ្លាំងក្លានៅក្នុងទ្វីបអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេករបស់អង្គការណាតូ ឬអូតង់ លើសហរដ្ឋអាម៉េរិក ស្របពេលរដ្ឋធានីវ៉ាស៊ីតោនកំពុងចង់ប្រែក្រឡាស់ប្រាណ៕



