កៅអីនាយករដ្ឋមន្ត្រីអង់គ្លេសរង្គោះរង្គើខ្លាំង​! លោក Keir Starmer រងសម្ពាធជុំទិសឱ្យលាលែងពីតំណែង
N
Nary Vann
12 ឧសភា 2026 04:56 PM

រាជធានីឡុងដ៏៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា ស្តាមឺ (Keir Starmer) កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងឱ្យដើរចេញពីតំណែង បន្ទាប់ពីជំនួយការរដ្ឋមន្ត្រីចំនួន៤រូបបានសម្រេចចិត្តលាលែងពីការងារ និងសមាជិកសភាមកពីគណបក្សពលករជិត៨០រូប បានចេញមុខអំពាវនាវជាសាធារណៈឱ្យលោកចុះចេញពីតំណែង។

លោក ឃា ស្តាមឺ
លោក ឃា ស្តាមឺ

ទោះបីជាលោក ស្តាមឺ បានចេញមុខទទូចសុំសមាជិកបក្ស និងអ្នកបោះឆ្នោតឱ្យបន្តជឿជាក់លើរូបលោក ដើម្បីចៀសវាងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីក៏ដោយ ប៉ុន្តែការថ្លែងសុន្ទរកថាស្នើសុំនេះ ហាក់មិនអាចទប់ទល់នឹងរលកនៃការមិនពេញចិត្តបានឡើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីការបរទេស រួមទាំងរដ្ឋមន្ត្រីដទៃទៀត បានដាក់ឱសានវាទឱ្យលោកនាយករដ្ឋមន្ត្រី ពិចារណាកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការចាកចេញពីតំណែង និងរៀបចំការផ្ទេរអំណាចដោយសន្តិវិធី។ ស្ថានភាពនេះបានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់ បន្ទាប់ពីគណបក្សពលករ បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន ដែលធ្វើឱ្យសមាជិកសភាជាច្រើនអស់ទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់លោក ស្តាមឺ។

ប្រសិនបើលោក ស្តាមឺ ត្រូវបានដកចេញពីតំណែងមែននោះ ចក្រភពអង់គ្លេសនឹងមាននាយករដ្ឋមន្ត្រីទី៧ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ប៉ុណ្ណោះ។ អ្នកវិភាគមើលឃើញថា កត្តាដែលរុញច្រានឱ្យមានវិបត្តិនេះ រួមមាន កំណើនសេដ្ឋកិច្ចទាប វិបត្តិហិរញ្ញវត្ថុសាធារណៈក្រោយជំងឺរាតត្បាតកូវីដ-១៩ និងការបែកបាក់នយោបាយ ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ ទន្ទឹមនោះ គណៈរដ្ឋមន្ត្រីគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី១២ ខែឧសភានេះ (ម៉ោងនៅអង់គ្លេស) ចំពេលពិភពលោកកំពុងតាមដានថាតើលោក ស្តាមឺ នឹងអាចរក្សាអំណាចរបស់លោកបានយូរប៉ុនណាទៀត។

គួររំឭកថា លោក ស្តាមឺ វ័យ៦៣ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០២៤ ជាមួយនឹងអាសនៈភាគច្រើនលើសលប់ក្នុងសភា និងការសន្យាដ៏ធំធេងក្នុងការស្ដារសេដ្ឋកិច្ច បញ្ហាអន្តោប្រវេសន៍ និងប្រព័ន្ធសុខាភិបាល។ ទោះជាយ៉ាងណា ដំណើរការការងាររបស់លោក ត្រូវបានរាំងស្ទះដោយសារការកែប្រែគោលនយោបាយញឹកញាប់ ការមិនសូវហ៊ានសម្រេចចិត្តលើរឿងពិបាកៗ និងរឿងអាស្រូវនយោបាយមួយចំនួន ដែលនាំឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះដល់ចំណុចទាបបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត