សម្ព័ន្ធត្រីភាគីអាម៉េរិក-អង់គ្លេស-អូស្ត្រាលី ប្រកាសពីកម្មវិធីអភិវឌ្ឍដ្រូនមុជទឹក បងកើនឥទ្ធិពលកម្លាំងជើងទឹក
N
Nary Vann
7 ម៉ោងមុន

អន្តរប្រទេស៖ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសរួមគ្នាកាលពីថ្ងៃទី៣០ឧសភា នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue នាប្រទេសសិង្ហបុរី នូវគម្រោងថ្មីរួមគ្នាដ៏ធំមួយក្នុងការអភិវឌ្ឍដ្រូនមុជទឹកគ្មានមនុស្សបើក (UUVs) ដែលជាប្រភេទបច្ចេកវិទ្យាយោធាជឿនលឿនបំផុត។ គម្រោងនេះ ធ្វើឡើងដើម្បីឆ្លើយតបយ៉ាងរហ័សទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការពង្រីកឥទ្ធិពលកម្លាំងជើងទឹក និងសកម្មភាពក្រោមបាតសមុទ្ទរបស់ប្រទេសចិន។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក ភិត ហេកសិត (​Pete Hegseth) រួមជាមួយរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក​ ចន ហ៊ីលី (John Healey) និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលស៍ (Richard Marles) បានបញ្ជាក់ថា គម្រោងផលិតដ្រូនមុជទឹកនេះ ជាគម្រោងផ្លូវការដំបូងបង្អស់ស្ថិតនៅក្រោម «សសរស្តម្ភទី២» នៃសម្ព័ន្ធភាពយោធាត្រីភាគី AUKUS (ដែលបង្កើតឡើងតាំងពីឆ្នាំ២០២១) ដោយផ្ដោតលើការបញ្ចេញបច្ចេកវិទ្យាយោធាទំនើបឱ្យបានលឿនបំផុត ជំនួសឱ្យគម្រោងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរដែលត្រូវចំណាយពេលយូរអង្វែង។

 លោក​ ចន ហ៊ីលី, លោក ភិត ហេកសិត និងលោក រីឆាដ ម៉ាលស៍
លោក​ ចន ហ៊ីលី, លោក ភិត ហេកសិត និងលោក រីឆាដ ម៉ាលស៍

 លោក ហេកសិត បានបញ្ជាក់ថា ដ្រូនមុជទឹកទាំងនេះ នឹងត្រូវបំពាក់ទៅដោយឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធអាវុធវាយប្រហារទំនើបៗ ដែលវាមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាឈ្លបយកការណ៍ វាយប្រហារសត្រូវ និងការពារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រក្រោមបាតសមុទ្ទ ដូចជា បំពង់បង្ហូរប្រេង និងបណ្ដាញខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្ទ។ ការសម្រេចចិត្តពន្លឿនការផលិតដ្រូននេះ ធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា នាវាដែលមានទំនាក់ទំនងជាមួយចិន បានបង្កឱ្យមានការខូចខាតដល់ខ្សែកាបក្រោមសមុទ្ទនៅក្បែរកោះតៃវ៉ាន់ និងនៅក្នុងដែនទឹកអឺរ៉ុបនាពេលថ្មីៗនេះ។

មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងបី បានអះអាងថា សមត្ថភាពដ្រូនជំនាន់ដំបូងនេះ នឹងត្រូវត្រៀមលក្ខណៈរួចរាល់សម្រាប់ដាក់ពង្រាយយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៧ខាងមុខនេះហើយ ខណៈរដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសទម្លាក់កញ្ចប់ថវិកាភ្លាមៗចំនួន ២០០លានដុល្លារអាម៉េរិក ទៅក្នុងគម្រោងមួយនេះ ដើម្បីធ្វើទំនើបកម្មកងទ័ពចម្រុះពហុជាតិសាសន៍ឱ្យបានទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត