
រដ្ឋធានីណៃពិដោ៖ គ្រោះរញ្ជួយដីកម្រិត៤,៧រ៉ិចទ័រ បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីព្រលឹមស្រាងៗថ្ងៃច័ន្ទទី១៥ ខែមិថុនានេះ ដោយកម្លាំងញ័រវាយប្រហារដល់តំបន់មួយចំនួននៃខេត្តម៉ែហុងស៊ន (Mae Hong Son) និងខេត្តឈៀងម៉ៃ (Chiang Mai) ភាគខាងជើងប្រទេសថៃ។

យោងតាមការរាយការណ៍ពីផ្នែកសង្កេតការណ៍គ្រោះរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៧នាទីទៀបភ្លឺ ក្នុងជម្រៅដីប្រហែល៥គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅក្នុងទឹកដីមីយ៉ាន់ម៉ា ចម្ងាយប្រហែល៦២គីឡូម៉ែត្រ ភាគពាយព្យនៃស្រុកផាំង ម៉ាផា (Pang Mapha) ខេត្តម៉ែហុងស៊ន។ ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនក្នុងខេត្តម៉ែហុងស៊ន និងបណ្តាស្រុកមួយចំនួននៅខេត្តឈៀងម៉ៃ ទទួលរងកម្លាំងរញ្ជួយនេះ ប៉ុន្តែគិតមកទល់ពេលនេះ មិនទាន់មានការរាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នៅឡើយទេ។ គួរបញ្ជាក់ថា តំបន់ព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ជារឿយៗតែងជួបប្រទះគ្រោះរញ្ជួយដីកម្រិតស្រាលទៅមធ្យមបែបនេះ ដោយសារតែភូមិសាស្ត្រតំបន់នោះស្ថិតនៅលើ «ខ្សែបន្ទាត់រញ្ជួយដីសកម្ម» ជាច្រើន៕




