អគ្គនាយកដ្ឋានដឹកជញ្ជូន ក្រើនរំឭកអ្នកបើកបរទូកគ្រប់ប្រភេទ ហាមដាច់ខាតចូលកៀកនឹងសសរស្ពានជ្រោយចង្វារ
S
Sreyleak Yith
17 មិថុនា 2026 09:12 AM

រាជធានីភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងនៅយប់ថ្ងៃទី១៦មិថុនា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានប្រាប់អ្នកបើកបរទូក និងនាវាគ្រប់ប្រភេទ មិនត្រូវបើកចូលកៀកនឹងសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ឬស្ពានជ្រោយចង្វារ) ឡើយ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើងសាជាថ្មីម្តងទៀត…។

ការក្រើនរំឭកនេះ ដោយសារកាលពីថ្ងៃទី១១មិថុនាកន្លងទៅ មានករណីគ្រោះថ្នាក់បានកើតឡើងនៅកៀកនឹងសសរស្ពានជ្រោយចង្វារ បណ្តាលឱ្យសាឡង់មួយគ្រឿងបានលិច នៅចម្ងាយប្រហែល៥០០ម៉ែត្រខាងជើងស្ពាន។ មន្រ្តីជំនាញក៏បានចុះពិនិត្យទីតាំងគ្រោះថ្នាក់ និងបានដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មី នៅចំណុចទីតាំងដែលសាឡង់បានលិច និងកំណត់គន្លងនាវាចរណ៍សម្រាប់ផ្លូវនាវាចរណ៍មានសុវត្ថិភាព។ ដូច្នេះ អ្នកបើកបរទូក ឬនាវា ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យមើលពោងសញ្ញាគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀកតំបន់គ្រោះថ្នាក់ខាងលើ

គួរជ្រាបថា កាលពីថ្ងៃទី១៤មិថុនា កន្លងមក មន្ត្រីបច្ចេកទេសនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក និងនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ បានសហការជាមួយមន្ត្រីបច្ចេកទេសនៃកំពង់ផែស្វយ័តភ្នំពេញ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបោះពោងសញ្ញាសម្គាល់គ្រោះថ្នាក់ចំនួន២ពោង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត