
រាជធានីភ្នំពេញ៖ រឿងរ៉ាវមួយនេះកំពុងតែឡើងកម្តៅខ្លាំង និងកាន់តែស្មុគស្មាញ បន្ទាប់ពីមានការឆ្លើយតបដាក់គ្នារវាងគ្រឹះស្ថានសិក្សា និងស្ថាប័នគ្រប់គ្រងវិជ្ជាជីវៈវិស្វកម្ម។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បដិសេធមិនទទួលស្គាល់សញ្ញាបត្រវិស្វកម្មរបស់ឈ្មោះ ណន សីហា ដែលបានយកមកប្រើប្រាស់ និងអះអាងថាជា សញ្ញាបត្រក្លែងក្លាយ។ ក្រោយមកបន្តិច អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ក៏ចេញសេចក្ដីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយបកស្រាយត្រឡប់ទៅវិញថា ការចុះឈ្មោះទទួលស្គាល់បុគ្គលនេះ ទៅក្នុងបញ្ជីវិស្វករកម្ពុជា គឺផ្អែកលើឯកសារដែលបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

គណៈវិស្វករកម្ពុជា បន្ថែមថា ការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ត្រូវបានផ្ទៀងផ្ទាត់លើសញ្ញាបត្រវិស្វកម្ម ដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។ ទោះយ៉ាងណា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ប្រកាសប្រាប់សាធារណជនថា នឹងរៀបចំនីតិវិធីច្បាប់ក្នុងការចេញសេចក្តីសម្រេចលុបឈ្មោះបុគ្គល ណន សីហា ចេញពីបញ្ជីវិស្វករកម្ពុជាវិញ៕



