សម្តេចធិបតី ចាត់ទុកក្មេងស្រីជាកម្លាំងដ៏សំខាន់ក្នុងការកសាងអនាគតជាតិ
អុន សម្ផស្ស
10 ម៉ោងមុន

ខេត្តសៀមរាប៖ នៅចំពោះមុខគណៈប្រតិភូប្រមាណ៨៥ប្រទេសមកពីជុំវិញពិភពលោក ចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២របស់សហគមន៍ OB-PS លើទឹកដីខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីសារសំខាន់នៃការលើកកម្ពស់ក្មេងស្រី និងការបង្កើនភាពអង់អាចដល់ស្ត្រី...។

អញ្ជើញធ្វើជាអធិបតីរួមជាមួយភរិយា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាបាននិងកំពុងបន្តវិនិយោគលើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនឱកាសសម្រាប់ស្ត្រី និងក្មេងស្រីក្នុងវិស័យអប់រំ សុខភាព សេដ្ឋកិច្ច និងការដឹកនាំសាធារណៈ។ មេដឹកនាំកម្ពុជា ថ្លែងដូច្នេះថា«ការលើកកម្ពស់ស្ត្រី និងក្មេងស្រី គឺជាការវិនិយោគលើអនាគតរបស់ជាតិ ហើយការផ្ដល់ឱកាសស្មើគ្នាដល់ក្មេងស្រីនឹងជួយពង្រឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសន្តិភាពឱ្យកាន់តែរឹងមាំ»។  

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ទន្ទឹមគ្នា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្ត្រីគឺជាស្នូល»។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកឡើងពីតួនាទីសំខាន់របស់កាយឫទ្ធិនារី ក្នុងការបណ្ដុះស្មារតីភាពជាអ្នកដឹកនាំដល់ក្មេងស្រី តាមរយៈសកម្មភាពសង្គម ការបម្រើសហគមន៍ ការការពារបរិស្ថាន និងការជួយអ្នកងាយរងគ្រោះ។ សម្តេចចាត់ទុកថា សកម្មភាពទាំងនេះមិនត្រឹមតែជួយអភិវឌ្ឍសមត្ថភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងសង្គមប្រកបដោយសុខដុមរមនា និងចីរភាពផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី គូសរំលេចថា«ក្មេងស្រីដែលទទួលបានការអប់រំល្អ មានសុវត្ថិភាព មានទំនុកចិត្តលើខ្លួនឯង និងមានឱកាសចូលរួមក្នុងសង្គម អាចក្លាយជាកម្លាំងដ៏សំខាន់ក្នុងការផ្លាស់ប្ដូរជីវិតរបស់ខ្លួន គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល»។   

គួរជ្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ក្នុងឆ្នាំ២០២៦ ក្រោមប្រធានបទ«We See, We Care, We Act» ឬ«យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព»។ ប្រធានបទនេះ ផ្តោតលើការមើលឃើញសក្តានុពល សុបិន ក្ដីសង្ឃឹម សំឡេងរបស់ក្មេងស្រី និងយុវនារី ព្រមទាំងការទទួលស្គាល់បញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះ។ ភាពជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ បង្ហាញឱ្យឃើញកាត់តែច្បាស់ពីតួនាទីសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ ខណៈមេដឹកនាំកម្ពុជា មើលឃើញថា ប្រធានបទមួយដែលខ្លី ប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅនេះគឺជាស្មារតី ដែលរាជរដ្ឋាភិបាលកម្ពុជាតែងចង់ឃើញនៅគ្រប់កម្រិតនៃសង្គម ពោលគឺសង្គមមួយដែលមើលឃើញពីតម្លៃមនុស្ស យកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយ ហើយរួបរួមគ្នាធ្វើសកម្មភាពដើម្បីសេចក្តីរីកចម្រើនរួមគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត