កម្ពុជាផ្ញើកំណត់ទូតជាថ្មី ក្រោយថៃប្រើលេស១០០ជំពូក មិនព្រមចូលប្រជុំ JBC ហើយក៏មិនបញ្ជូនមន្រ្តីចុះវាស់វែងព្រំដែន
S
Soriya Sou
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជាបានផ្ញើកំណត់ទូតជាថ្មីម្ដងទៀត ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត បន្ទាប់ពីភាគីថៃបានប្រើលេស១០០ជំពូកដើម្បីគេចខ្លួនចេញ។ 

កម្ពុជា-ថៃ ចុះបោះបង្គោលបណ្ដោះអាសន្ន នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ 
កម្ពុជា-ថៃ ចុះបោះបង្គោលបណ្ដោះអាសន្ន នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ 

ក្នុងសេចក្តីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានអះអាងថា កន្លងមកគណៈកម្មការ JBC ខាងកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ខាងថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង។ ប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា៖ បំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួន ប៉ុន្តែមកដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង និងបានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រាជរដ្ឋាភិបាលថៃនៅតែមិនទាន់តែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការដែរ។ 

លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ចាត់ទុកការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC រវាងកម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាពិសេស កថាខណ្ឌទី៣ និងកថាខណ្ឌទី៤ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង។

កម្ពុជា-ថៃ ចុះបោះបង្គោលបណ្ដោះអាសន្ន នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ 
កម្ពុជា-ថៃ ចុះបោះបង្គោលបណ្ដោះអាសន្ន នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ 

មិនព្រមចូលប្រជុំ និងមិនបញ្ជូនមន្រ្តីវាស់វែងព្រំដែនជាមួយកម្ពុជា ប៉ុន្តែលើដីជាក់ស្តែង ភាគីថៃបាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។ ជាថ្មីម្ដងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ព្រមទាំងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ពីសំណាក់យោធាថៃ។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកកន្លងមក ទាំងពេលបច្ចុប្បន្ន និងអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត