
រាជធានីភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា សាលាតិចណូ បានចេញមកច្រានចោលចំពោះសញ្ញាបត្រផ្នែកវិស្វកម្មរបស់បុគ្គលឈ្មោះ ណន សីហា ហើយអះអាងថាជាឯកសារក្លែងក្លាយ ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមនាពេលថ្មីកន្លងមកនេះ....។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ចេញនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានគូសបញ្ជាក់ថា ថ្មីៗនេះ មានករណីក្លែងបន្លំសញ្ញាបត្រ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអត្តសញ្ញាណផ្នែកវិស្វកម្មរបស់បុគ្គលឈ្មោះ ណន សីហា។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បដិសេធមិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះខាងលើនេះឡើយ ព្រោះជាសញ្ញាបត្រក្លែងក្លាយ មិនមែនចេញដោយវិទ្យាស្ថាននោះទេ។ ជាមួយគ្នា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់។

ជុំវិញ រូបភាពទាំងអស់នេះ មហាជនចាត់ទុកការក្លែងបន្លំឯកសារ ជាពិសេសសញ្ញាបត្រវិស្វកម្មបែបនេះ គឺជាបញ្ហាធ្ងន់ធ្ងរ ព្រោះវាមិនត្រឹមតែបំផ្លាញតម្លៃនៃការខិតខំប្រឹងប្រែងរបស់និស្សិតពិតប្រាកដ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសាលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពក្នុងវិស័យសំណង់ និងស្ថាបត្យកម្មផងដែរ ប្រសិនបើបុគ្គលនោះយកទៅប្រើប្រាស់ក្នុងការងារបច្ចេកទេស៕



