
ខេត្តបន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់បណ្តោះអាសន្ននៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយកងទ័ពថៃប្រើកម្លាំងឈ្លានពានដណ្តើមកាន់កាប់លំនៅឋារបស់ពួក...។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា លើកឡើងថា ការចុះបំពេញបេសកកម្មនេះ ដើម្បីពិនិត្យ និងស្វែងយល់ដោយផ្ទាល់ពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។ លោកស្រីបន្ថែមថា មូលហេតុដែលប្រជាពលរដ្ឋខ្មែរមួយចំនួន មិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន គឺដោយសារការចូលកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ នៅតំបន់នានា តាមរយៈការរាយបន្លាលួស និងការដាក់ទូកុងតឺន័រ ខណៈផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនទៀត ត្រូវបានបំផ្លិចបំផ្លាញ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សង្កត់ធ្ងន់ថា៖«ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានបង្ហាញពីភាពចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែង និងកំណត់ខ្សែព្រំដែនដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) រវាងកម្ពុជា-ថៃ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅឋានវិញ ដោយមិនមានការរារាំង...»។ កម្ពុជាបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធដែលបានទទួលស្គាល់ជាផ្លូវការ។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតឡើងដោយការប្រើប្រាស់កម្លាំងឡើយ៕







