
រដ្ឋធានីហ្សាការតា៖ សភាឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩មិថុនា បានអនុម័តច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យមន្ត្រីប៉ូលិសដែលកំពុងបំពេញការងារ ឬប៉ូលិសសកម្ម អាចទៅធ្វើការក្នុងក្រសួង ឬស្ថាប័នស៊ីវិលរបស់រដ្ឋាភិបាលបាន ដោយមិនបាច់លាលែងពីតំណែងប៉ូលិសឡើយ។

ការផ្លាស់ប្ដូរច្បាប់នេះ ធ្វើឡើងតាមសំណើរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលចង់យកកម្លាំងប៉ូលិស និងយោធាមកជួយដឹកនាំការងារស៊ីវិល រួមទាំងកម្មវិធីផ្តល់អាហារឥតគិតថ្លៃដល់កុមារផងដែរ។ ការកែច្បាប់នេះកើតឡើងភ្លាមៗ បន្ទាប់ពីលោក ប្រាបូវ៉ូ បានដកតំណែង និងចាប់ខ្លួនប្រធានគ្រប់គ្រងកម្មវិធីអាហារឥតគិតថ្លៃ លោក ដាដាន់ ហ៊ីនដាយ៉ាណា (Dadan Hindayana) និងអនុប្រធានពីររូបទៀត ពីបទពុករលួយ និងបង្កឱ្យមានករណីពុលអាហារប៉ះពាល់ដល់កុមារជាង៣ម៉ឺននាក់។

ទោះជាយ៉ាងណា ច្បាប់ថ្មីនេះ កំពុងរងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្ស និងអ្នកច្បាប់ ដោយលោក ហ៊ែរីល ហាលីម (Haeril Halim) មកពីអង្គការលើកលែងទោសអន្តរជាតិប្រចាំឥណ្ឌូណេស៊ី បានព្រមានថា នេះជាសញ្ញានៃ «របបផ្តាច់ការ» ដែលប្រើប្រាស់កម្លាំងការពារជាតិ និងសន្តិសុខ ដើម្បីជួយទ្រទ្រង់អ្នកកាន់អំណាច។ ចំណែកលោក មហាមេធ អ៊ីស្នើ (Muhammad Isnur) ពីមូលនិធិជំនួយផ្លូវច្បាប់ឥណ្ឌូណេស៊ី បានលើកឡើងថា ការដាក់ប៉ូលិសសកម្មក្នុងក្រសួងស៊ីវិល គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងផ្ទុយពីសាលក្រមតុលាការធម្មនុញ្ញកាលពីឆ្នាំមុន ដែលបង្ខំឱ្យប៉ូលិសត្រូវតែលាលែងពីតំណែងជាមុន ហើយវានឹងបំផ្លាញប្រព័ន្ធអាជីពរបស់មន្ត្រីរាជការស៊ីវិល៕



