
ខេត្តក្រចេះ ៖ ករណីគ្រោះចរាចរណ៍បង្កឡើងដោយមន្ត្រីពន្ធនាគារម្នាក់ ដែលបើកបរទាំងស្ថានភាពស្រវឹងជោកជាំ ទៅបុករថយន្តរបស់អ្នកដទៃដែលចតចោល ក្នុងភូមិទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦....។

ប្រភពពីប្រពលរដ្ឋនៅក្បែរនោះ ឱ្យដឹងថាដំបូងឡើយគេឃើញ រថយន្តម៉ាក Highlander បើកបរដោយឈ្មោះ មាស សាខន ជាមន្ត្រីពន្ធនាគារខេត្តក្រចេះ ធ្វើដំណើរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ក៏បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាក Ford Everest ពណ៌ខ្មៅ ដែលចតទុកជាប់ចិញ្ចើមផ្លូវ បណ្តាឱ្យខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ ព្រមទាំងនាំខ្លួនម្ចាស់រថយន្តបង្កទៅធ្វើការសាកសួរ ព្រមទាំងរកឃើញថា ជនបង្ករូបនេះ មានកម្រិតជាតិអាល់កុល 1.267mg/L។ បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕




