ចៅហ្វាយខេត្តកណ្ដាល ប្រាប់ពលរដ្ឋឈប់ប្រើប្រាស់ប្រហិតម៉ាក​ TSP ក្រោយរកឃើញម្ចាស់ឃ្លាំងបន្លំកាលបរិច្ឆេទ
ហាក់ អ៊ីឌី
មួយម៉ោងមុន

ក្រុងតាខ្មៅ៖ ទីតាំងឃ្លាំងស្តុកទំនិញសាច់បង្កក និងប្រហិតម៉ាក់ TSP ស្ថិតក្នុងភូមិព្រៃបឹង និងមួយកន្លែងទៀតស្ថិតក្នុងភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវអាជ្ញាធរចម្រុះបើកការឆ្មក់បង្ក្រាប ហើយរឹបអូសវត្ថុតាងបានជាច្រើនតោន....។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះជាច្រើនស្ថាប័ន បើកការឆ្មក់បង្រ្កាបទីតាំងឃ្លាំងស្តុកទំនិញសាច់បង្កក និងប្រហិតម៉ាក់ TSP ចំនួន២កន្លែង ព្រមទាំងដកហូតវត្ថុតាង ប្រហិតចម្រុះ មានទម្ងន់សរុបជិត៩តោន។ សមត្ថកិច្ចជំនាញ រកឃើញថា ផលិតផលមួយចំនួន មិនមានកាលបរិច្ឆេទផលិត ឬកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ហើយផលិតផលខ្លះទៀតបានផុតកំណត់គុណភាពរួចទៅហើយ ប៉ុន្តែនៅត្រូវបានរក្សាទុកសម្រាប់ចែកចាយបន្ត។ 

មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរបានរកឃើញម៉ាស៊ីន និងសកម្មភាពវេចខ្ចប់ឡើងវិញ ដែលអាចពាក់ព័ន្ធនឹងការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ឬការវេចខ្ចប់ទំនិញគ្មានគុណភាព ដើម្បីបន្លំអ្នកប្រើប្រាស់។ បច្ចុប្បន្ន អាជ្ញាធរជំនាញ បាននិងកំពុងបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ ខណៈទំនិញដែលត្រូវបានកំណត់ថាគ្មានគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោល។ ទន្ទឹមនឹងនេះ លោក គួច ចំរើន ក៏បានអំពាវនាវដល់ពលរដ្ឋ រួមទាំងអាជីវករលក់ទំនិញទាំងឡាយ ដែលបានទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះជូនក្រុមការងារជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត