
ខេត្តសៀមរាប៖ ការងារអភិរក្ស និងការជួសជុលខ្លោងទ្វារខាងត្បូងនៃកំពែងទី៥ របស់ប្រាសាទតាព្រហ្ម ដែលអនុវត្តក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ ខាងមុខនេះ..។

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា គម្រោងជួសជុលនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ ហើយរហូតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ៧៥ភាគរយ។ ក្រុមអ្នកជំនាញបានអនុវត្តការងារពង្រឹងគ្រឹះ និងរៀបចំថ្មឡើងវិញតាមទីតាំងដើមចាប់ពីគ្រឹះ និងខឿន រហូតដល់ផ្នែកកំពូលនៃមុខព្រហ្ម។ បុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា លោកស្រី នេត ស៊ីមន បានឱ្យដឹងថា ការជួសជុលនេះប្រើប្រាស់បច្ចេកទេស «អាណាស្ទីឡូស» (Anastylosis) ដែលតម្រូវឱ្យរុះរើរចនាសម្ព័ន្ធទាំងមូល និងរៀបផ្គុំឡើងវិញតាមទម្រង់ដើម។

លោកស្រីរំឭកថា មុនពេលជួសជុលខ្លោងទ្វារនេះបានដួលរលំទាំងស្រុង និងមានថ្មជាច្រើនបាក់បែក ឬរាយប៉ាយច្របល់គ្នា។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានសម្រង់ប្លង់ ថតរូបស្ថានភាពដើម សរសេរលេខសម្គាល់លើថ្មនីមួយៗ មុននឹងរុះរើ និងចុះបញ្ជីថ្មទាំងអស់។ ទន្ទឹមនឹងនេះក៏មានការកំណាយបុរាណវិទ្យា សិក្សាស្ថានភាពគ្រឹះ និងស្វែងរកថ្មដែលកប់ក្នុងដី ដើម្បីកំណត់ទីតាំងដើមរបស់វាឡើងវិញ។ លោកស្រី នេត ស៊ីមន បញ្ជាក់បន្ថែមទៀតថា ការដួលរលំរបស់ខ្លោងទ្វារបានធ្វើឱ្យថ្មប្រមាណ ១៥ភាគរយ ខូចខាត ឬបាត់បង់។ ដើម្បីធានាស្ថិរភាពនៃរចនាសម្ព័ន្ធ ក្រុមការងារបានប្រើថ្មថ្មីមួយចំនួនជំនួសថ្មដែលបាត់បង់ ឬខូចគុណភាព។ ទោះជាយ៉ាងណា ថ្មថ្មីទាំងនេះត្រូវបានប្រើសម្រាប់ទ្រទ្រង់រចនាសម្ព័ន្ធ និងការពារការជ្រាបទឹកប៉ុណ្ណោះ មិនមែនសម្រាប់ការតុបតែងឡើយ។

ក្រោយបញ្ចប់ការជួសជុល ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មត្រូវបានរំពឹងថា នឹងមានភាពរឹងមាំ ពេញលេញ និងមានសោភ័ណភាពឡើងវិញ ព្រមទាំងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។ គួរជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបុរាណវិទ្យាឥណ្ឌា ក៏មានគម្រោងជួសជុលផ្នែកសំខាន់ៗជាច្រើនទៀតនៅប្រាសាទតាព្រហ្ម ដែលភាគច្រើនបានបញ្ចប់ជាស្ថាពររួចហើយ ខណៈការងារថែទាំ និងអភិរក្សជាប្រចាំនៅតែបន្តអនុវត្ត ដើម្បីធានាការការពារបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា៕




