
រាជធានីភ្នំពេញ៖ ផ្លូវជាតិលេខ៧១C ផ្នែកខាងកើតតភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា-វៀតណាម។ ចំណែកផ្នែកខាងលិច តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗទៀតក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៥មិថុនា។

ក្រសួងសាធារណការ គូសបញ្ជាក់ថា ផ្លូវជាតិលេខ៧១C មានប្រវែងជាង១១០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK១៥០+៧០០ ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK៣០+៤០០ ក្នុងខេត្តកំពង់ចាម។ ផ្លូវជាតិនេះបាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ក៏ដូចជាជួយសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័សកាត់បន្ថយការចំណាយ និងចំណេញពេលវេលាផងដែរ។

គួរជ្រាបថា ផ្លូវជាតិដ៏សំខាន់មួយនេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ មានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ២៤ខែ។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិនជាង១២៩លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន៕



