
ខេត្តបាត់ដំបង៖ អាជ្ញាធរចាប់ជនសង្ស័យម្នាក់ ជាមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ដ៏សកម្មទៅប្រទេសថៃ។ ជនសង្ស័យរូបនេះ ត្រូវចាប់ខ្លួនក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦....។

សមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីក្រុមមេខ្យល់ដឹកនាំពលករចំនួន៨នាក់ ឆ្លងដែនដោយខុសច្បាប់ ចេញពីស្រុកសំពៅលូន ឆ្ពោះទៅប្រទេសថៃ។ ភ្លាមៗ ដោយមានកិច្ចសហការគ្នារវាងអធិការនគរបាលស្រុកសំពៅលូន និងកម្លាំងបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រិត ផលរ៉ា។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសរូបនេះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពនាំពលករឆ្លងដែនដោយខុសច្បាប់ប្រាកដមែន ដោយធ្វើសកម្មភាព នៅតំបន់ដាច់ស្រយាលឆ្ងាយពីគោលដៅយាមល្បាតរបស់សមត្ថកិច្ច។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ មិនមែនតែម្នាក់នោះទេ គឺមានម្នាក់ទៀត ជាមេខ្យល់ក្នុងរឿងនេះដែរ ហើយពេលនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណច្បាស់លាស់រួចរាល់ហើយ និងកំពុងស្វែងរកចាប់ខ្លួន៕



