
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១៥ ខៃមិថុនា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអះអាងថា ទីតាំងចំនួន៣ក្នុងក្រុងខេត្តបាត់ដំបង មិនមានលួចលាក់សាច់បង្កក ឬទំនិញដែលលួចនាំចូលពីថៃឡើយ បន្ទាប់ពីអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យរួច។

ព័ត៌មានលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច និងមន្ត្រីនៃអគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ក្រោមកិច្ចសហការពីអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន៣ក្នុងក្រុងបាត់ដំបង ប៉ុន្តែមិនបានរកឃើញករណីស្តុកសាច់បង្កកជាផលិតផលដែលមានប្រភពមកពីប្រទេសថៃនោះទេ។

ក្រៅពីការត្រួតពិនិត្យ ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំង មិនឱ្យនាំចូលទំនិញដែលមានប្រភពមកពីប្រទេសថៃ ឬទំនិញប្រទេសថៃមកចែកចាយបន្ត។ បន្ថែមលើនេះ ម្ចាស់ទីតាំងត្រូវត្រួតពិនិត្យមើលគុណភាពអនាម័យទំនិញឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសមុននឹងលក់ ឬចែកចាយទំនិញបន្តជូនដល់អតិថិជន។ ក្នុងករណីម្ចាស់ទីតាំងរក្សាទុក និងចែកចាយទំនិញពីប្រទេសថៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕









