មេដឹកនាំកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅប្រជុំកំពូលនៅរុស្ស៊ី
អុន សម្ផស្ស
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម«កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី»លើកទី៣៥ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦..។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា 

ក្រសួងការបរទេស ប្រកាសព័ត៌មាន នៅថ្ងៃទី១៥មិថុនានេះថា តបតាមការអញ្ជើញរបស់ លោក វ៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ដើម្បីចូលរួម«កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី»។ កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្ដីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងក្រៅតំបន់។ 

បើគ្មានអ្វីប្រែប្រួល ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី នឹងចូលរួមព្រឹត្តិការណ៍អមជាច្រើន និងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក។ មន្ត្រីជាន់ខ្ពស់ដែលអមដំណើរសម្តេច រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងធុរជនកម្ពុជាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត