រុស្ស៊ីបញ្ជូននាវាចម្បាំង៣គ្រឿង ចូលសំចតក្នុងដែនទឹកសមុទ្ទរាមកម្ពុជារយៈពេល៤ថ្ងៃ
អុន សម្ផស្ស
4 ម៉ោងមុន

ក្រុងព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន៣គ្រឿង បានចូលចតទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) រាយការណ៍ថា នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿង ដែលចូលចតនេះមានឈ្មោះ SOVERSHENNYY លេខ៣៣៣, REZKIY លេខ៣៤៣ និងនាវា PECHENGA...។

យោងតាមមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ទរាម ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងរុស្ស៊ីនៅកម្ពុជានាពេលនេះ គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស ការផ្លាស់ប្ដូរបទពិសោធ រវាងកងទ័ពជើងទឹកកម្ពុជា-រុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ច ស្នាក់នៅលើទឹកដីកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹកសហព័ន្ធរុស្សី មានគម្រោងចូលជួបសម្ដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ទរាម ចូលជួបសម្ដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ និងជួបជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ។

សូមរំឭកថា នេះមិនមែនជាលើកទី១ទេ ដែលរុស្ស៊ីបញ្ជូននាវាចម្បាំងចូលមកទស្សនកិច្ចនៅកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី២៨មេសា ឆ្នាំ២០២៥ នាវាចម្បាំងរបស់រុស្ស៊ីចំនួន ៣គ្រឿង ក៏ធ្លាប់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដែរ ដោយកាលនោះធ្វើឡើងក្រោយពេលកម្ពុជាសម្ពោធមូលដ្ឋានកងទ័ពជើងទឹករាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត