
រាជធានីភ្នំពេញ៖ រុស្ស៊ី តាមរយៈលោក អាន់ដ្រេ រ៉ូឌែនកូ (Andrey Rudenko) ជាអនុរដ្ឋមន្ត្រីការបរទេស បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយកម្ពុជា ព្រមទាំងបង្ហាញក្ដីជឿជាក់ថា កម្ពុជានឹងអាចជម្នះរាល់បញ្ហាប្រឈមដែលបានជួបប្រទះ…។

លោក អន់ដ្រេ រ៉ូឌែនកូ អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បង្ហាញសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកជឿជាក់ថា ទំនាក់ទំនងរុស្ស៊ី-កម្ពុជា នឹងបន្តរីកចម្រើនថែមទៀត ខណៈប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនឱ្យកាន់តែស៊ីជម្រៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ សម្ដេចធិបតី និងលោក អន់ដ្រេ រ៉ូឌែនកូ ក៏បានផ្លាស់ប្ដូរយោបល់គ្នាជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម វិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ។

បន្ទាប់ពីជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអញ្ជើញចូលជួបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយលោកបានលើកឡើងពីការរង់ចាំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ លោក អន់ដ្រេ រ៉ូឌែនកូ សង្កត់ធ្ងន់ថា៖ «ថ្នាក់ដឹកនាំរបស់រុស្ស៊ី លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោ ក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលឆាប់ៗខាងមុខនេះ»។ ជាការឆ្លើយតប សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចកំពុងតែពិនិត្យមើលពីកាលបរិច្ឆេទ ដើម្បីកំណត់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខ។ កម្ពុជាក៏កំពុងត្រៀមទទួលដំណើរទស្សនកិច្ចរបស់លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ប្រធានគណបក្សរួបរួម ជាគណបក្សកាន់អំណាចកំពុងដឹកនាំរុស្ស៊ីបច្ចុប្បន្ន។ លោក ឌីមីទ្រី ម៉េដវ៉េដេវ គ្រោងនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ៕




