ផ្លែផ្កានៃដំណើរទៅកាហ្សាន! កម្ពុជា-រុស្ស៊ី ចុះកិច្ចព្រមព្រៀងជំរុញការស្រាវជ្រាវផ្នែកកសិកម្មទ្វេភាគី
អុន សម្ផស្ស
6 ម៉ោងមុន

សហព័ន្ធរុស្ស៊ី៖ តាមរយៈដំណើរទៅចូលរួមកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើកទី៣៥ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា និងរុស្ស៊ី បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម..។

ការចុះហត្ថលេខាត្រូវបានធ្វើឡើងរវាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធរុស្ស៊ី ដោយមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាដឹកនាំក្នុងជំនួប។តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមានការលើកកម្ពស់កសិពាណិជ្ជកម្ម ការផ្លាស់ប្ដូរបទពិសោធ និងចំណេះដឹងបច្ចេកទេស ព្រមទាំងការពង្រឹងកិច្ចសហការក្នុងវិស័យអប់រំ និងការស្រាវជ្រាវកសិកម្ម។ ភាគីទាំងពីររំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកជំរុញការអភិវឌ្ឍវិស័យកសិកម្ម ការបង្កើនផលិតភាព និងការពង្រីកទីផ្សារកសិផល ស្របតាមផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។  

ក្នុងជំនួបដដែលនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Oksana Lut បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំ IGC លើកទី១២ នៅឆ្នាំ២០២៧ខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងពីសារសំខាន់នៃឆ្នាំ២០២៦ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី និងបានស្វាគមន៍ចំពោះសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត