៧០ឆ្នាំ! ​​ពេលវេលា ​និងពិភពលោក​បានប្រែប្រួល តែចំណងមិត្តភាពកម្ពុជា-រុស្ស៊ី មិនប្រែប្រួលឡើយ
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន មានប្រសាសន៍ថា រយៈពេល៧០ឆ្នាំហើយដែលកម្ពុជា-រុស្ស៊ី បើកឱ្យមានចំណងទំនាក់ទំនងការទូតល្អជាមួយគ្នា ហើយទ្វារនៃចំណងការទូតនេះ មិនដែលបានបិទទៅវិញឡើយ...។

លោកទេសរដ្ឋមន្រ្តីថ្លែងដូច្នេះ ក្នុងពេលអញ្ជើញជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងទិវាជាតិនៃប្រទេសរុស្ស៊ី (Russia National Day) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្ដែងក្តីសាទរជូនចំពោះប្រទេស​ និង​ប្រជាជនរុស្សី ក្នុងឱកាសនៃទិវាជាតិនៃប្រទេសរុស្ស៊ី និងបានគូសបញ្ជាក់ថា ឆ្នាំនេះ ជាគម្រប់ខួប៧០ឆ្នាំដែលទ្វារនៃចំណងការទូតរវាងកម្ពុជា និងរុស្ស៊ីបានបើកឡើង ហើយទ្វារនៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី មិនដែលបានបិទម្ដងណាឡើយ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍នេះ។ អនុប្រធានទី១ នៃអាជ្ញាធរមីន សង្កត់ធ្ងន់ថា៖ «ពេលវេលា​ និងពិភពលោក​មានការប្រែប្រួល ប៉ុន្តែមិត្តភាព សេចក្តីគោរព និងទំនុកចិត្តរវាងប្រទេសទាំងពីរ មិនមានការប្រែប្រួលឡើយ»។

លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា តាមរយៈចំណងមិត្តភាពនេះ រុស្ស៊ីបានចូលរួមសំខាន់ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ពោលគឺនិស្សិតកម្ពុជាប្រមាណ៨ពាន់នាក់ បានទៅបន្តការសិក្សានៅរុស្ស៊ី និងបានត្រលប់មកវិញ ហើយបានដើរតួសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ មិនត្រឹមតែកម្ពុជាទេ ប៉ុន្តែរុស្សីក៏បានចូលរួមយ៉ាងសំខាន់ក្នុងពិភពលោក តាមរយៈវិទ្យាសាស្រ្ត អក្សរសាស្ត្រ សិល្បៈ និងតន្ត្រី ផងដែរ។ តាមការបញ្ជាក់របស់មន្រ្តីស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ការបង្កើតចំណងទំនាក់ទំនងរវាងប្រទេសរុស្ស៊ី (ពីមុនជាអតីតសហភាពសូវៀត) និងព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាប់ផ្តើមដោយមានការផ្លាស់ប្ដូរបេសកកម្មការទូត នៅឆ្នាំ១៩៥៦។ រុស្ស៊ី បានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍកម្ពុជា រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វេជ្ជសាស្ត្រ ការអប់រំ និងការស្តារប្រទេសឡើងវិញ បន្ទាប់ពីការដួលរំលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ឆ្នាំ១៩៩១)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត