
អន្តរក្រុង៖ ផ្លូវជាតិលេខ៧១C បានតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងទៀត។ ជាមួយគ្នា ការដឹកជញ្ជូនពូជដំណាំ កសិផលកសិកម្ម និងកសិ-ឧស្សាហកម្ម មានភាពរហ័សទាន់ចិត្ត កាត់បន្ថយការចំណាយ និងចំណេញពេលវេលា...។

ក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ថា ផ្លូវជាតិលេខ៧១ស៊ី ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១២មេសា ឆ្នាំ២០២៥។ ផ្លូវនេះមានប្រវែង១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ចំណុច PK១៥០+៧០០ ក្នុងខេត្តត្បូងឃ្មុំរហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK៣០+៤០០ ក្នុងខេត្តកំពង់ចាម។

ផ្លូវជាតិលេខ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវអន្តរវិស័យខេត្តជាប់ព្រំដែនមួយចំនួន ដូចជាផ្នែកខាងកើតតភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់ ដែលមានទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា-វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ៕



