
រាជធានីភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានតម្លៃប្រមាណជាង ១២៩លានដុល្លារ តភ្ជាប់ខេត្តត្បូងឃ្មុំ និងកំពង់ចាម រួចរាល់បាន១០០ភាគរយ។ នេះបើយោងតាមការបញ្ជាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤..។

ក្រសួងថា ផ្លូវជាតិលេខ៧១C មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (PK១៥០+៧០០ ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK៣០+៤០០ ក្នុងខេត្តកំពង់ចាម) ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក មានសភាពធន់រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ ផ្លូវជាតិដ៏សំខាន់នេះ គឺជាប្រភេទ AC/DBST។ ដ្បិតបច្ចុប្បន្នបានសម្រេចការងារសាងសង់១០០ភាគរយក្ដី តែក្រសួងថា ក្រុមការងារជំនាញកំពុងបន្តដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ស្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះដីចំណីផ្លូវបន្ថែមទៀត។

គួរជម្រាបថា ផ្លូវជាតិលេខ៧១C សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ជាង ១២៩,៩៨លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន។ ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ។ បន្ថែមពីនេះ ក្រុមហ៊ុនសាងសង់សៀងហៃគ្រុប និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំរយៈពេល២៤ខែបន្ថែមយោងតាមកិច្ចសន្យាសាងសង់៕




