
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ កងកម្លាំងប៉ូលិសប៉ាគីស្ថាន បានបាញ់ប្រហារបណ្ដាលឱ្យស្លាប់កុមារីជនជាតិអូស្ត្រាលីម្នាក់ស្លាប់ និងធ្វើឱ្យសមាជិកគ្រួសាររបស់កុមារីរូបនេះ២នាក់ផ្សេងទៀតរងរបួសផងដែរ ស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន។ ជុំវិញឧបទ្ទវហេតុនេះ អូស្ត្រាលី បានទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ នៅថ្ងៃចន្ទទី១៥ ខែមិថុនា។

ប៉ូលិសនៅក្នុងខេត្តពុនចាប (Punjab) ជាខេត្តមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ប៉ាគីស្ថាន បានអះអាងថា មន្ត្រីប៉ូលិសដែលបានចុះអន្តរាគមន៍ក្នុងករណីប្លន់មួយ បានបាញ់អាវុធតដៃជាមួយក្រុមឧក្រិដ្ឋជន ដែលបានភ្ជង់កាំភ្លើងប្លន់លើសមាជិកគ្រួសារមួយនៅក្នុងរថយន្ត កាលពីថ្ងៃទី១០ ខែមិថុនា។ ស្នងការដ្ឋាននគរបាលខេត្តពុនចាប បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖«ក្នុងស្ថានភាពដ៏វឹកវរនោះ មន្ត្រីប៉ូលិសដែលពាក់ព័ន្ធ បានវាយតម្លៃខុសដោយគិតថា ក្រុមជនសង្ស័យកំពុងព្យាយាមបើករថយន្តរបស់ជនរងគ្រោះរត់គេចខ្លួន ទើបលោកបានផ្ទុះអាវុធតែម្ដង។ ការសម្រេចចិត្តដ៏ខុសឆ្គងនេះ បានបណ្ដាលឱ្យមានសោកនាដកម្មស្លាប់កុមារីអាយុ១០ឆ្នាំ ឈ្មោះ ហានៀ (Hania) និងបង្កឱ្យរងរបួសដល់ឪពុក និងបងប្រុសរបស់នាង»។

ប៉ូលិសខេត្តពុនចាបបានបន្តថា ពួកគេបានចុះកំណត់ហេតុបណ្តឹងព្រហ្មទណ្ឌពីសំណាក់ឪពុករបស់ជនរងគ្រោះរួចរាល់ហើយ និងបានចាប់ខ្លួនមន្ត្រីប៉ូលិសដែលបង្កហេតុ ដោយបានបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍ថា គ្រួសាររងគ្រោះដែលមានស្រុកកំណើតមកពីទីក្រុងភឺត(Perth) ភាគខាងលិចប្រទេសអូស្ត្រាលី កំពុងធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិនៅក្នុងប្រទេសប៉ាគីស្ថាន ក្រោយពេលកើតហេតុ។ ជុំវិញរឿងរ៉ាវនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បាណេស (Anthony Albanese) រំពឹងថានឹងមានតម្លាភាព និងការស៊ើបអង្កេតឱ្យបានត្រឹមត្រូវលើករណីនេះ។ លោកបានសង្កត់ធ្ងន់ថា៖«អ្វីដែលខ្ញុំបានដឹង គឺមិនត្រឹមតែមានកុមារីម្នាក់បានបាត់បង់ជីវិតនោះទេ ប៉ុន្តែសមាជិកគ្រួសារដទៃទៀតក៏បានរងរបួសផងដែរ នៅក្នុងកាលៈទេសៈមួយគួរឱ្យរន្ធត់ខ្លាំងណាស់»។ ក្រសួងការបរទេសអូស្ត្រាលីបានប្រកាសថា កំពុងផ្តល់ជំនួយដល់ក្រុមគ្រួសារជនរងគ្រោះ៕







