
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថាន បានដាក់ពង្រាយកងទ័ពចំនួន៨០០០នាក់ ហ្វូងយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ខណៈនេះគឺជាការបង្កើនកិច្ចសហប្រតិបត្តិការយោធាយ៉ាងខ្លាំងក្លាជាមួយរដ្ឋធានីរីយ៉ាដ ថ្វីបើរដ្ឋធានីអ៊ីស្លាម៉ាបាដកំពុងដើរតួជាអ្នកសម្របសម្រួលចម្បងនៅក្នុងសង្គ្រាមអ៊ីរ៉ង់ក៏ដោយ។

ការដាក់ពង្រាយយោធាទ្រង់ទ្រាយធំជាលើកដំបូងបែបនេះ ត្រូវបានបញ្ជាក់ដោយមន្ត្រីសន្តិសុខ៣រូប និងប្រភពពីមន្ត្រីរដ្ឋាភិបាល២រូប។ ពួកគេក៏បានអះអាងផងដែរថា នេះគឺជាកម្លាំងប្រយុទ្ធដ៏មានសមត្ថភាពក្នុងបេសកកម្មគាំទ្រយោធាអារ៉ាប៊ីសាអូឌីត ប្រសិនបើប្រទេសនេះ រងការវាយប្រហារ។ យ៉ាងណាមិញ ខាងយោធា និងក្រសួងការបរទេសប៉ាគីស្ថាន រួមទាំងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ជុំវិញការដាក់ពង្រាយនេះទេ។ ប៉ាគីស្ថាន បានបញ្ជូនកងទ័ពប្រមាណ៨០០០នាក់ យន្តហោះចម្បាំងប្រភេទ JF-17 (ផលិតរួមគ្នារវាងចិន និងប៉ាគីស្ថាន) ចំនួន១៦គ្រឿង ព្រមទាំងដ្រូនចំនួន២ហ្វូង និងប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ HQ-9 ផលិតដោយចិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ រាល់គ្រឿងយុទ្ធោបករណ៍ទាំងអស់ ត្រូវបានប្រតិបត្តិការដោយបុគ្គលិកយោធាប៉ាគីស្ថានផ្ទាល់ ប៉ុន្តែទទួលបានការឧបត្ថម្ភថវិកាទាំងស្រុងពីប្រទេសអារ៉ាប៊ីសាអូឌីត។

គេនៅចាំបានថា ប៉ាគីស្ថាន បានបញ្ជូនយន្តហោះចម្បាំងទៅកាន់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ និងបានសម្លាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីតម្នាក់។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មានរ៉យទ័រ៕




