
អាស៊ីខាងត្បូង៖ ភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសអាហ្គានីស្ថាន និងប៉ាគីស្ថាន បានផ្ទុះឡើងជាថ្មីយ៉ាងក្ដៅគគុក បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ នៅក្នុងទឹកដីអាហ្គានីស្ថាន។

លោក ហ្សាប៊ីហូឡា មូចាហ៊ីដ (Zabihullah Mujahid) អ្នកនាំពាក្យរដ្ឋាភិបាលអាហ្គានីស្ថាន បានបង្ហោះសារប្រកាសអាសន្ននៅលើបណ្ដាញសង្គម X នៅថ្ងៃទី១០មិថុនានេះថា៖«កាលពីយប់មិញ កងទ័ពប៉ាគីស្ថាន បានរំលោភលើដែនអាកាសរបស់អាហ្គានីស្ថានម្ដងទៀត និងបានទម្លាក់គ្រាប់បែកលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិល នៅក្នុងខេត្ត Kunar, Khost និង Paktika បណ្ដាលឱ្យកុមារ១១នាក់ ស្ត្រីម្នាក់ និងបុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត»។

គិតត្រឹមពេលនេះ កងទ័ពប៉ាគីស្ថាន មិនទាន់បានចេញមុខឆ្លើយតប ឬបកស្រាយជុំវិញការចោទប្រកាន់នេះនៅឡើយទេ។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ បន្ទាប់ពីស្ថានភាពនៅតាមព្រំដែនមានភាពស្ងប់ស្ងាត់មួយរយៈក្រោយពេលដែលសង្រ្គាមរវាងប្រទេសទាំងពីរបានផ្ទុះឡើងយ៉ាងខ្លាំងក្លា កាលពីចុងខែកុម្ភៈកន្លងទៅ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញតួលេខដ៏រន្ធត់ថា មានប្រជាពលរដ្ឋស៊ីវិលអាហ្គានីស្ថាន យ៉ាងហោចណាស់៣៧២នាក់ត្រូវបានសម្លាប់ និង ៣៩៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងជម្លោះព្រំដែននេះ ត្រឹមតែរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៦៕




