
រាជធានីតូក្យូ៖ ក្រសួងការបរទេសជប៉ុន បានប្រកាសនៅថ្ងៃសុក្រទី២២ ខែឧសភានេះថា សហរដ្ឋអាម៉េរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមសម្ព័ន្ធភាព «Quad» នៅក្នុងរដ្ឋធានីញូដេលី នាថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ដើម្បីរិះរកវិធីទប់ឥទ្ធិពលចិនដែលកំពុងរីកសាយភាយកាន់តែខ្លាំងនៅស្ទើរគ្រប់តំបន់...។

ក្រសួងការបរទេសជប៉ុន បានបន្ថែមថា ប្រមុខការទូតកំពូលរបស់ប្រទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) នឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះតទៅ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំក្រុមQuad។ ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃសៅរ៍នេះតទៅ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅប្រទេសស៊ុយអែត សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ។ គួរបញ្ជាក់ថា Quad គឺជាប្លុកនៃសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាង អាម៉េរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា បង្កើតឡើងដើម្បីរក្សាសន្តិសុខ និងទប់ទល់ការរីកដុះដាលនៃឥទ្ធិពលចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕



