រំឭក​ដល់ប្រវត្តិសាស្ត្រកម្ពុជា អូស្ត្រាលីមើលឃើញការរក្សាបានសន្តិភាព ពិតជាមានសារសំខាន់
S
Soriya Sou
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ជាទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃដដែលបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ បញ្ជាក់ពីសារសំខាន់នៃការថែរក្សាសន្តិភាព ពិសេស​ ពេលនឹកដល់ប្រវត្តិសាស្ត្ររបស់កម្ពុជា…។

ប្រធានបទក្នុងទិវាអន្តរជាតិ នៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិឆ្នាំនេះ គឺ «វិនិយោគលើសន្តិភាព» អំពាវនាវឱ្យមានសកម្មភាពដាច់ខាត ដើម្បីធានាថា កងកម្លាំងរក្សាសន្តិភាពទាំងអស់មានធនធានដែលពួកគេត្រូវការ ក្នុងការបំពេញភារកិច្ចសំខាន់របស់ពួកគេ។ មន្រ្តីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា សង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្ររបស់កម្ពុជា រំឭក​ឱ្យយើងយល់ថា ហេតុអ្វីបានជាការរក្សាសន្តិភាពមានសារសំខាន់? ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អូស្ត្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដំណើរការសន្តិភាព និងដឹកនាំកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ដែលបានជួយស្ដារស្ថិរភាពនៅកម្ពុជាឡើងវិញ។ ក្នុងទិវាដ៏សំខាន់នេះ មន្រ្តីទូតអូស្ត្រាលី បានបង្ហាញការគោរពចំពោះការប្តេជ្ញាចិត្ត និងការលះបង់របស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក រួមទាំងកម្ពុជា ដែលបន្តបម្រើការងារក្នុងបរិយាកាសដ៏លំបាក ដើម្បីការពារសហគមន៍ និងលើកកម្ពស់សន្តិភាព។

ក្នុងនាមជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា អូស្ត្រាលីបានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងរក្សាសន្តិភាពកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជាមួយប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ។ សូមជម្រាបថា កម្ពុជាធ្លាប់ជាប្រទេសដែលទទួលជំនួយពីប្រតិបត្តិការរក្សាសន្តិភាព ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសរួមចំណែកដ៏សំខាន់ក្នុងបេសកកម្មរក្សាសន្តិភាព។ គិតចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង១ម៉ឺននាក់ ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព នៅជុំវិញពិភពលោក រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត