មីយ៉ាន់ម៉ាឃាត់ខ្លួនអតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិក ដោយសារនិពន្ធសៀវភៅលាតត្រដាងពីរដ្ឋប្រ.ហារ
ហៀប ស៊ីថេត
7 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ លោក អាដាម ខាស្ទីឡូ (Adam Castillo) អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសមីយ៉ាន់ម៉ា និងជាពាណិជ្ជករជនជាតិអាម៉េរិក ដែលបានសរសេរសៀវភៅរៀបរាប់អំពីបទពិសោធរស់នៅក្នុងអំឡុងពេលរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ត្រូវបានឃាត់ខ្លួនភ្លាមៗ នៅពេលលោកធ្វើដំណើរត្រឡប់ចូលទៅកាន់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦។ នេះយោងតាមប្រភព២ ដែលទទួលបានព័ត៌មានសង្ខេបជុំវិញរឿងនេះ។

ប្រភពមួយ ក្នុងចំណោមនោះ បានបញ្ជាក់ថា លោក អាដាម ខាស្ទីឡូ (Adam Castillo) ត្រូវបានគេឃាត់ខ្លួននៅព្រលានយន្តហោះ បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានថ្លែងថា ខ្លួនបានទទួលដឹងអំពីការឃាត់ខ្លួនពលរដ្ឋអាម៉េរិករូបនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនទាន់អាចផ្តល់ការអត្ថាធិប្បាយបន្ថែមបានទេ ដោយសារហេតុផលឯកជនភាព។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រថា មិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញរឿងនេះនៅឡើយទេ ហើយក៏គ្មានការអត្ថាធិប្បាយអ្វីដែរ។

លោក អាដាម ខាស្ទីឡូ 
លោក អាដាម ខាស្ទីឡូ 

កន្លងមក លោក ខាស្ទីឡូ បានធ្វើដំណើរទៅបរទេសដើម្បីផ្សព្វផ្សាយសៀវភៅរបស់លោកដែលមានចំណងជើងថា «Finding Our Voice» ដែលមានន័យជាខេមរភាសាថា «ស្វែងរកសំឡេងរបស់យើង» ដោយសៀវភៅនេះ រៀបរាប់ពីការស្នាក់របស់លោក នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលក្នុងភាពវឹកវរ។ សៀវភៅរបស់លោក មិនត្រឹមតែកត់ត្រាអំពីការបង្ក្រាបយ៉ាងចាស់ដៃរបស់យោធាទៅលើក្រុមបាតុករគាំទ្រប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែក៏បានរិះគន់គោលនយោបាយដែលគ្មានប្រសិទ្ធភាពរបស់រដ្ឋធានីវ៉ាស៊ីនតោនផងដែរ។

កាលពីដើមខែមេសាកន្លងទៅ អតីតមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា បន្ទាប់ពីការបោះឆ្នោតមួយដែលរៀបចំឡើងដោយយោធា និងរងការរិះគន់ភ្លូកទឹកភ្លូកដី ដោយសារតែការផាត់ចេញក្រុមប្រឆាំងសំខាន់ៗ រួមទាំងគណបក្សនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ហើយការបោះឆ្នោតនោះទៀតសោត គឺធ្វើឡើង ចំពេលជម្លោះកំពុងឆាបឆេះយ៉ាងខ្លាំងក្លា។ កន្លងទៅ លោក ខាស្ទីឡូ ធ្លាប់បានទៅសេតវិមាន ហើយអំពាវនាវថា សហរដ្ឋអាម៉េរិកគួរតែដើរតួជាអ្នកសម្របសម្រួលសន្តិភាព ក្នុងគោលបំណងចូលទៅទាញយកប្រភពរ៉ែកម្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត