ឥទ្ធិពលចិន ពីប្រទេសក្រោមអាណានិគមបរទេស ក្លាយជាមហាអំណាចសេដ្ឋកិច្ច និងសព្វាវុធ
ហៀប ស៊ីថេត
9 ម៉ោងមុន

បទបរិយាយ៖ ចិន គឺជារដ្ឋដ៏លេចធ្លោបំផុតមួយនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន ឥទ្ធិពលចិន បានលាតសន្ធឹងចាប់តាំងពីសម័យរាជវង្សបុរាណ រហូតមកដល់សម័យចិនទំនើប។ សំណួរដ៏រស៊ើប ដែលពិភពលោកកំពុងដាក់ជាប្រស្នាឱ្យគ្នា នោះគឺថា តើបណ្តាប្រទេសណាខ្លះ ព្រួយបារម្ភពីការងើបឡើងយ៉ាងគំហុករបស់ចិន..? តើចិនអាចវ៉ាដាច់សហរដ្ឋអាម៉េរិក ដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ក្នុងរយៈពេល១០ឆ្នាំខាងមុខដែរឬទេ..? 

ជាមួយទំហំសេដ្ឋកិច្ច (ឬGDP) លើសពី១៧,៨ពាន់ពាន់ដុល្លារ ការធ្វើទំនើបកម្មយោធាយ៉ាងលឿនស្លេវដូចផ្លេកបន្ទោរ និងប្រវត្តិសាស្ត្រនៃយុទ្ធសាស្ត្រដ៏ឈ្លាសវៃជាង ៥០០០ឆ្នាំ ចិនមិនមែនជាគ្រាប់អុកដែលបងធំសហរដ្ឋអាម៉េរិក អាចបញ្ជាដើរលើក្រឡាចក្រត្រង្តរបស់ខ្លួនតាមអំពើចិត្តបានទេ ផ្ទុយទៅវិញ ចិនកំពុងទាញដងប៉ាកាជ្រលក់ទឹកថ្នាំពណ៌ក្រហម ចារសណ្តាប់ធ្លាប់ពិភពលោកឡើងវិញ បន្ទាប់ពីមេដឹកនាំសហរដ្ឋអាម៉េរិកថ្មី ក្រឡុកពិភពលោក។ ប្រទេសចិន មានទំហំផ្ទៃដីគោកធំជាងគេលំដាប់ទី៤ លើលោក ពោលគឺប្រហែល៩,៦លានគីឡូម៉ែត្រការ៉េ ស្ថិតនៅពីក្រោយសហរដ្ឋអាម៉េរិកតែបន្តិចប៉ុណ្ណោះ។ ការងើបឡើងនៃសេដ្ឋកិច្ចរបស់ចិន មិនត្រឹមតែផ្លាស់ប្ដូរអំណាចចរន្តសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមបញ្ចូលទម្រង់នយោបាយ វប្បធម៌ និងមនោគមវិជ្ជារបស់ពិភពលោកផងដែរ។ ជាដំបូង SBM News សូមទាញអារម្មណ៍ប្រិយមិត្តមកក្រឡេកមើលសមិទ្ធផលវិស្វកម្មដ៏អស្ចារ្យ មិនគួរឱ្យជឿចំនួន៣ ដែលដូនតាចិនបានបន្សល់ទុក។

ទី១៖មហាកំពែងចិន (ឬ The Great Wall of China) មានប្រវែងសរុបជាង ២១១៩៦គីឡូម៉ែត្រ ដែលស្មើនឹងពាក់កណ្តាលនៃរង្វង់ផែនដី។ វាត្រូវបានសាងសង់ឡើងក្នុងសម័យរាជវង្សឈិន និងរាជវង្សមីង ដើម្បីការពារការឈ្លានពានពីពួកកុលសម្ព័ន្ធផ្សេងៗ និងពួកម៉ុងហ្គោលីជាដើម។ ទី២៖រូបចម្លាក់កងទ័ពដីដុត ត្រូវបានរកឃើញដោយចៃដន្យដោយកសិករក្នុងឆ្នាំ១៩៧៤ នៅខេត្តសានស៊ី។ វាជាបណ្តុំរូបចម្លាក់កងទ័ព ទ័ពសេះ និងរទេះចម្បាំងធ្វើពីដីដុតខ្នាតប៉ុនមនុស្សពិតជាង៨០០០រូប ត្រូវបានកប់ដើម្បីការពារអធិរាជ ឈិន ស៊ីហ៊ួង (Qin Shi Huang) ក្នុងពិភពខាងមុខ។ រូបនីមួយៗមានទម្រង់មុខ និងសក់ប្លែកៗគ្នាទាំងអស់។ ទី៣៖ព្រះបរមរាជវាំងហាមឃាត់ ស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង សាងសង់ឡើងចន្លោះឆ្នាំ១៤០៦ ដល់១៤២០ ក្នុងរាជវង្សមីង។ វាជាព្រះបរមរាជវាំងធំបំផុតនៅលើលោក លាតសន្ធឹងលើផ្ទៃដី៧២ហិកតា និងជាកន្លែងគង់នៅរបស់ប្រះចៅអធិរាជចំនួន២៤អង្គ អស់រយៈពេលជាង៥សតវត្សរ៍។

អ្វីដែលគ្រប់គ្នាមិនបានដឹងនោះ គឺវប្បធម៌ដ៏ស្មុគស្មាញរបស់ចិន។ ប្រជាជាតិដទៃទើបចេះបង្កើតភ្លើង ប៉ុន្តែចិនបានចាប់ផ្តើមឡើងជាង៥០០០ឆ្នាំមុនរួចទៅហើយ តាំងពីសម័យរាជវង្សសៀ (Xia), រាជវង្សសាង (Shang) និងរាជវង្សចូវ (Zhou)។ អ្វីដែលធ្វើឱ្យវប្បធម៌ចិនខុសប្លែកពីវប្បធម៌បុរាណដទៃទៀត គឺភាពបន្តបន្ទាប់គ្នាដោយមិនដាច់សូរ ទាំងភាសា ទស្សនវិជ្ជា និងប្រពៃណី។ ប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅនេះហើយ ដែលផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់ជនជាតិចិនជំនាន់ក្រោយរហូតមកដល់បច្ចុប្បន្ន ដោយពួកគេតែងតែចាត់ទុកខ្លួនឯងជា«អាណាចក្រកណ្តាល ឬ Middle Kingdom» មានវាសនាត្រូវដឹកនាំពិភពលោក។ ម្យ៉ាងវិញទៀត ចិនមិនគិតគូរត្រឹមតែយុទ្ធនាការបោះឆ្នោតអាណត្តិខ្លីៗ ដូចបណ្ដាប្រទេសប្រជាធិបតេយ្យឡើយ ប៉ុន្តែពួកគេរៀបចំផែនការជាសតវត្សរ៍។

ជាក់ស្តែង គណបក្សកុម្មុយនីស្ដចិន បានកាន់អំណាចតាំងពីឆ្នាំ១៩៤៩ ពោលគឺជិត ៧៦ឆ្នាំមកហើយ មានយុទ្ធសាស្ត្រ១០០ឆ្នាំ ដែលមានគោលដៅនាំមុខគេលើសកលលោកត្រឹមឆ្នាំ២០៤៩។ លោក ស៊ី ជីនពីង បានឡើងកាន់អំណាចតាំងពីឆ្នាំ២០១២ បានជំរុញសុបិនចិន ក្នុងការស្តារឡើងវិញនូវភាពរុងរឿងរបស់ជាតិទាំងមូល។ សេដ្ឋកិច្ចចិន បានហក់ឡើងពី៩០ពាន់លានដុល្លារក្នុងទសវត្សរ៍ឆ្នាំ១៩៨០ មកដល់ជាង ១៧,៨ពាន់ពាន់លានដុល្លារ ដោយឈរនៅលេខរៀងទី២ក្នុងលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក២៧,៤ពាន់ពាន់លានដុល្លារ។ លើសពីនេះ គម្រោង«ខ្សែក្រវាត់ និងផ្លូវ» ដែលបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៣ កំពុងតភ្ជាប់ប្រទេសចំនួន៦៥ តាមរយៈហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវទឹកដ៏សម្បើម។ ដើម្បីការពារទឹកដី និងប្រជាជន១,៤ពាន់លាននាក់ ចិនមានកងទ័ពសកម្មជាង២លាននាក់ ដែលស្មើនឹងចំនួនប្រជាជនរបស់ប្រទេសអ៊ីស្លង់ ម៉ាល់តា លុចសំបួរ និងម៉ុងតេណេហ្គ្រោ បូកបញ្ចូលគ្នា។

កងទ័ពជើងគោកចិន បំពាក់ដោយរថក្រោះ Type 99A ដ៏ទំនើប រីឯកងទ័ពមីស៊ីលមានមីស៊ីលល្បឿនលឿនជាងសំឡេង ដូចជា DF-21D ដែលគេចាត់ទុកជា «ឃាតកកម្ទេចនាវាផ្ទុកយន្តហោះ»។ វាអាចបាញ់បានចម្ងាយជិត៣០០០គីឡូម៉ែត្រ។ ចិនបានចំណាយថវិកាការពារជាតិដល់ទៅ២៩៦ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយោធា ដែលនេះជាសញ្ញាបង្ហាញថា ចិនត្រៀមខ្លួនជានិច្ចសម្រាប់សង្គ្រាម ហើយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បានបន្តកើនឡើងជាលំដាប់ ស្របពេលភូមិសាស្ត្រនយោបាយពិភពលោក កាន់តែផុយស្រួយ។ បើគិតតាមចំនួននាវា កងទ័ពជើងទឹកចិនមានកងនាវាទំហំធំជាងគេបង្អស់នៅលើពិភពលោក ដោយមាននាវាចម្បាំងជាង ៣៧០គ្រឿង ខណៈសហរដ្ឋអាម៉េរិកមានតែ៣០០គ្រឿងប៉ុណ្ណោះ។ ចិនមាននាវាផ្ទុកយន្តហោះចំនួន៣គ្រឿង រួមទាំងនាវាហ្វូជៀន (Fujian) បំពាក់ប្រព័ន្ធបង្ហោះអេឡិចត្រូម៉ាញេទិក។ ចិនមាននាវាមុជទឹកចំនួន៦០គ្រឿង និងបានបង្កើតមូលដ្ឋានទ័ពនៅក្រៅប្រទេសដំបូងគេ គឺប្រទេសជីប៊ូទី (Djibouti) ក្នុងឆ្នាំ២០១៧ ដើម្បីពង្រីកឥទ្ធិពលកាត់មហាសមុទ្ទឥណ្ឌា។

តាមរយៈយុទ្ធសាស្ត្រ «Made in China 2025» និង «China Standards 2035» ចិនបានកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ បច្ចុប្បន្ន ចិនកំពុងនាំមុខគេក្នុងបច្ចេកវិទ្យាសំខាន់ៗចំនួន៣៧ ក្នុងចំណោម៤៤វិស័យ រួមមាន៖ បញ្ញាសិប្បនិម្មិត(AI), បច្ចេកវិទ្យាកង់ទិច(Quantum), អាគុយអគ្គិសនី និងប្រព័ន្ធណែនាំផ្លូវ BeiDou (ដែលកំពុងប្រជែងនឹងប្រព័ន្ធ GPS)។ ក្រុមហ៊ុនចិនដូចជា Huawei បានគ្រប់គ្រងបណ្តាញ5G នៅក្នុងប្រទេសចំនួន១៧០ ហើយក្រុមហ៊ុន DJI គ្រប់គ្រងទីផ្សារដ្រូនស៊ីវិលសកលលោកដល់ទៅ៨៥ភាគរយ។ ចិនបានវិនិយោគ១៥ពាន់លានដុល្លារលើបច្ចេកវិទ្យាកង់ទិច និង១៤០ពាន់លានដុល្លារលើ AI ដោយមានអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍ជាង៥លាននាក់។ មហិច្ឆតាចិន មិនចប់ត្រឹមហ្នឹងទេ ចិនកំពុងស្តារផ្លូវសូត្របុរាណឡើងវិញ តាមរយៈហេដ្ឋារចនាសម្ព័ន្ធទំនើប។ ឧទាហរណ៍ជាក់ស្តែង គឺការតភ្ជាប់ផ្លូវរថភ្លើងរវាងចិន-អ៊ីរ៉ង់ ដែលមានប្រវែង១០៤០០គីឡូម៉ែត្រ ចំណាយពេលដឹកជញ្ជូនត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។

មូលហេតុចម្បង គឺដោយសារតែចិនទិញប្រេងពីអ៊ីរ៉ង់ដល់ទៅ ៨០ភាគរយ ដូច្នេះ ទោះបីជាមានការបិទច្រកសមុទ្ទហ័រមូស្ស ក៏ការដឹកជញ្ជូនប្រេងមកចិនមិនរងផលប៉ះពាល់ខ្លាំងឡើយ។ ផ្លូវគោកឆ្លងកាត់អឺរ៉ាស៊ីមួយនេះ ជួយចិនកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្ទម៉ាឡាកាផងដែរ។ ចាប់តាំងពីឆ្នាំ២០០៩មក ចិនបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់អាហ្វ្រិក ដោយទំហំពាណិជ្ជកម្មសរុបឡើងដល់២៩៥,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ចិនបានក្តោបក្តាប់ប្រភពធនធានរ៉ែសំខាន់ៗ ដូចជារ៉ែកូបាល់(Cobalt) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ រហូតដល់ទៅ៨០ភាគរយនៃទិន្នផលសរុប ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ខ្លួន។ ទោះបីជាមានការរិះគន់ថា«នេះជាការទូតអន្ទាក់បំណុល»ក៏ដោយ ក៏ចិននៅតែបន្តផ្តល់ជំនួយ និងកម្ចីរាប់ពាន់លានដុល្លារទៅកាន់អាហ្វ្រិកជារៀងរាល់ឆ្នាំ។ ប្រជាជនចិន ប្រហែល៩២ភាគរយ មានការឯកភាពគ្នាជាជាតិសាសន៍មួយ បើធៀបនឹងប្រទេសពហុវប្បធម៌ដូចជាអាម៉េរិក ឬឥណ្ឌា។

ទីតាំងរ៉ែចិននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ
ទីតាំងរ៉ែចិននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ

ទស្សនវិជ្ជា[សាសនាតាវ] និងសាសនា[ខុងជឺ] ដែលមានប្រភពតាំងពីសតវត្សរ៍ទី៥ និងទី៦ មុនគ្រិស្តសករាជ នៅតែបង្កប់យ៉ាងជ្រៅក្នុងប្រព័ន្ធអប់រំ សីលធម៌សង្គម និងការរៀបចំគោលនយោបាយរបស់ចិនរហូតមកដល់សព្វថ្ងៃ។ គួររំឭកបន្តិចថា ជម្លោះរវាងចិន-តៃវ៉ាន់ មានប្រភពមកពីសង្គ្រាមស៊ីវិលចិន ឆ្នាំ១៩២៧-១៩៤៩ រវាងបក្សជាតិនិយមគួមីនតាំង (Kuomintang) ដឹកនាំដោយស៊ុន យ៉ាត់សេន និងក្រោយមក ជាំង ខាយយៀក ដឹកនាំបន្ត និងបក្សកុម្មុយនីស្ដដឹកនាំដោយ លោក ម៉ៅ សេទុង។ ក្រោយចាញ់សង្គ្រាម បក្សជាតិនិយមបានភៀសខ្លួនទៅកោះតៃវ៉ាន់ ហើយបង្កើតរដ្ឋាភិបាលនិរទេស។ យ៉ាងណា ចិនតែងតែចាត់ទុកកូនកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន និងប្តេជ្ញាថា នឹងបង្រួបបង្រួមជាតិវិញនៅថ្ងៃណាមួយ ទោះបីជាត្រូវប្រើប្រាស់កម្លាំងយោធាក៏ដោយ។

សកម្មភាពយោធារបស់ចិននៅជុំវិញដែនអាកាស និងដែនទឹកតៃវ៉ាន់នាពេលថ្មីៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភថា វិបត្តិតៃវ៉ាន់ អាចនឹងអូសទាញសហរដ្ឋអាម៉េរិក ជប៉ុន និងបណ្តាប្រទេសដទៃទៀតឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣។ សូមជម្រាបថា ទោះបីនាគរាជមួយក្បាលនេះវិវត្តរីកធំធាត់លឿនខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែស្នាមប្រេះស្រាំនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច អំពើពុករលួយក្នុងជួរបក្សកុម្មុយនីស្ដ និងសង្គមរបស់ចិន​ នៅតែឧបសគ្គរារាំងមហិច្ឆតាក្នុងការរលាស់ខ្លួនក្លាយជាមហាអំណាចលេខ១ របស់ពិភពលោក។ តើបងប្អូនយល់ថា បើចិនអាចវ៉ាដាច់សហរដ្ឋអាម៉េរិកនៅថ្ងៃណាមួយ?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត