
រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមទាំងវិនិយោគនៅកម្ពុជាបន្ថែម។ លោកស្រី អាលីកៀ អាឡេចាន់ត្រា អាល់ហ្វារ៉ូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ឯកអគ្គរដ្ឋទូតថ្មីរបស់កូឡុំប៊ី ថ្លែងដូច្នេះក្នុងឱកាសចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំងជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦...។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងព្រះបរមនាមរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា, សម្ដេចតេជោ បានអបអរសាទរលោកស្រី អាលីកៀ អាឡេចាន់ត្រា អាល់ហ្វារ៉ូ ខាស់ស្ទីឡូ ដែលត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទី សង្ឃឹមថា ក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា-កូឡុំប៊ី ឱ្យកាន់តែរីកចម្រើនទោះបីជាប្រទេសទាំងពីរមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ពិតមែនក៏ប៉ុន្តែកម្ពុជា និងកូឡុំប៊ី មានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា និងមានសក្តានុពលជាច្រើនទៀតដែលអាចពង្រីកបន្ថែមទៀត។

លោកស្រី បានប្ដេជ្ញាចិត្តថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ី ឱ្យកាន់តែរឹងមាំបន្តទៀត។ លោកស្រី គូសបញ្ជាក់ថា៖«ប្រទេសទាំងពីរមានសក្តានុពលបន្ថែមក្នុងការពង្រីកជាមួយគ្នាទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ នយោបាយអន្តរជាតិ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី រវាងប្រទេសទាំងពីរ ហើយកូឡុំប៊ី និងកម្ពុជា ក៏គ្រោងនឹងមានកិច្ចសន្ទនានយោបាយជាមួយគ្នាបន្ថែមទៀត»។ ទន្ទឹមគ្នានេះ ប្រទេសទាំងពីរនឹងជំរុញពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគបន្ថែមទៀត។ លោកស្រី ក៏បានយកឱកាសនេះអបអរសាទរចំពោះ សមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសចំពោះអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា ដែលមានភាពស្រស់ស្អាត និងបង្ហាញអំពីភាពរីកចម្រើន។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា៖«កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ជាពិសេសរកចំណុចណាដែលមិនទាន់បានពង្រីកនូវកិច្ចការជាមួយគ្នាពោលគឺទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតែម្ដង ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។ បន្ថែមលើនោះ សម្ដេចក៏ឆ្លៀតអរគុណចំពោះអតីតកាលដែលប្រទេសកូឡុំប៊ី បានបញ្ជូនកងទ័ពរបស់ខ្លួន តាមរយៈអ៊ុនតាក់នៅក្នុងចន្លោះឆ្នាំ១៩៩២ និង១៩៩៣ ហើយតាមរយៈអ៊ុនតាក់ គឺបានចូលរួមសម្របសម្រួលក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ សម្ដេចសង្ឃឹមថា ក្នុងតួនាទីរបស់លោកស្រីជាអគ្គរដ្ឋទូតនាពេលនេះ នឹងខិតខំប្រឹងប្រែងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ ជូនពរឱ្យលោកស្រីឯកអគ្គរដ្ឋទូតបំពេញបេសកកម្មការងារនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕






