
រាជធានីបាងកក៖ ភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហារឥតស្រាកស្រាន្ដឡើយ ដោយលើកចុងក្រោយនេះ ក្រុមឧក្រិដ្ឋជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានលបចូលទៅក្នុងការដ្ឋានសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យមួយកន្លែង ស្ថិតក្នុងស្រុក យ៉ារីង (Yaring) ខេត្តប៉ាតានី កាលពីពេលាទៀបភ្លឺ ថ្ងៃច័ន្ទទី១៥ ខែមិថុនានេះ ហើយបានដុតបំផ្លាញទីតាំងស្តុកផ្ទាំងសូឡា បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនបណ្ដាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។

យោងតាមរបាយការណ៍ពីបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ដោយក្រុមអ្នកវាយប្រហារបានលបចូលតាមផ្នែកខាងក្រោយ នៃការដ្ឋានរបស់ក្រុមហ៊ុន Gunkul Solar Power Generation រួចបានដុតបំផ្លាញសម្ភារៈតែម្ដង។ ភ្លាមៗនោះ កងកម្លាំងប៉ូលិស បានចុះអន្តរាគមន៍គ្រប់គ្រងស្ថានការណ៍ ព្រមទាំងដាក់ពង្រាយកម្លាំងបិទខ្ទប់តំបន់កើតហេតុ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវសំខាន់ៗ ដើម្បីតាមប្រកៀកប្រកិតក្រុមជនល្មើស ព្រមទាំងសហការជាមួយក្រុមជំនាញដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីពិនិត្យកន្លែងកើតហេតុយ៉ាងលម្អិត។

អាជ្ញាធរថៃបានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើនេះ ដោយគូសបញ្ជាក់ថា ការវាយប្រហារលើគម្រោងថាមពលស្អាត មិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញឱកាសសេដ្ឋកិច្ច វិនិយោគ និងការអភិវឌ្ឍគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រំដែនភាគខាងត្បូង ដែលកំពុងចង់បានសន្តិភាព និងការរីកចម្រើន។

គួររំលឹកផងដែរថា តំបន់ព្រំដែនភាគខាងត្បូងប្រទេសថៃ តែងរងវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមបំបែកខ្លួន ដោយកាលពីសប្តាហ៍មុន ក្រុមបំបែកខ្លួនជនជាតិភាគតិចមួយក្រុម បានសម្រុកចូលវាយប្រហាររោងចក្រអគ្គិសនីរបស់ក្រុមហ៊ុន Pattani Green ស្ថិតក្នុងឃុំលីប៉ាសាង៉ូ ស្រុកណងជិក ខេត្តប៉ាតានី។ ហើយប៉ុន្មានម៉ោងក្រោយមក ក្រុមបំបែកខ្លួនផ្សេងទៀត បានបន្តបើកការវាយប្រហារ ដោយបានបំផ្ទុះគ្រាប់បែកក្បែរចិញ្ចើមផ្លូវ នៅមុខសាលារៀនបានពូឡៃ ស្ថិតក្នុងស្រុករ៉ាម៉ាន់ ខេត្តជាល ឬយ៉ាឡា។ ហេតុការណ៍ដ៏សាហាវនេះ បណ្ដាលឱ្យមន្ត្រីនគរបាល២រូប និងប្រជាពលរដ្ឋក្នុងស្រុកម្នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ៕



