ក្រុមហ៊ុនអាកាសចរណ៍ថៃសម្រុកលុបចោលជើងហោះហើរ ព្រោះជួបវិបត្តិប្រេង
ហៀប ស៊ីថេត
មួយថ្ងៃមុន

រាជធានីបាងកក៖ វិបត្តិនៅមជ្ឈិមបូព៌ា បាននិងកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចសកល ជាពិសេសនៅក្នុងប្រទេសថៃ ដោយបានរុញច្រានតម្លៃប្រេងយន្តហោះប្រភេទ Jet A-1 ឱ្យហក់ឡើងខ្ពស់ជាងធម្មតាពី២ទៅ៣ដង ពោលគឺកើនឡើងប្រហែលពី៨០ដុល្លារ រហូតដល់ជាង២៤០ដុល្លារក្នុងមួយបារ៉ែល។ ការណ៍នេះបានបង្ខំឱ្យវិស័យអាកាសចរណ៍ និងការចម្រាញ់ប្រេង ត្រូវចាត់វិធានការឆ្លើយតបបន្ទាន់...។

រូបភាព៖ The Nation
រូបភាព៖ The Nation

ជាក់ស្តែង ការហក់ឡើងនៃតម្លៃប្រេង បានធ្វើឱ្យថ្លៃដើមប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍កើនឡើងពី៣០ភាគរយរហូតដល់ជាង៥០ភាគរយ។ គួបផ្សំជាមួយរដូវកាលស្ងាត់ភ្ញៀវទេសចរផងនោះ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ថៃចំនួន៣ បានប្រកាសលុបចោល កាត់បន្ថយ និងផ្អាកជើងហោះហើរយ៉ាងគំហុក ក្នុងត្រីមាសទី២ និងទី៣ ឆ្នាំ២០២៦នេះ។ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានលុបចោលជើងហោះហើរអន្តរជាតិសំខាន់ៗចំនួន១០ខ្សែ រួមមាន៖ ទៅកាន់រដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា, តៃវ៉ាន់, ហុងកុង, ជប៉ុន, និងចិន។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air បានផ្អាក និងកាត់បន្ថយជើងហោះហើរជាច្រើនខ្សែ ភាគច្រើនជាផ្លូវហោះហើរទៅកាន់ប្រទេសចិន ឥណ្ឌា សិង្ហបុរី និងឥណ្ឌូណេស៊ី​។ សម្រាប់ក្រុមហ៊ុន Thai AirAsia ប្រកាសផ្អាកជើងហោះហើរក្នុងស្រុកជិត១០ខ្សែ ចេញពីព្រលានយន្តហោះសុវណ្ណភូមិ ទៅកាន់ខេត្តបុរីរម្យ, ឈៀងរ៉ៃ, ខនកែន, ហាតយ៉ៃ, ក្របី, សុរាស្ត្រធានី, នគរស្រីធម្មរាជ, និងឧត្តរធានី រួមទាំងផ្អាកជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសឥណ្ឌា បាលី ហុងកុង និងសិង្ហបុរី រហូតដល់ពាក់កណ្តាលឆ្នាំ ឬចុងខែតុលា ឆ្នាំ២០២៦។

រូបភាព៖ The Nation
រូបភាព៖ The Nation

ផ្ទុយទៅវិញ ដើម្បីទប់ទល់នឹងហានិភ័យនៃការដាច់ប្រភពផ្គត់ផ្គង់រយៈពេលវែង ក្រុមហ៊ុនចម្រាញ់ប្រេងថៃ ក្រោមការសម្របសម្រួលពីសហព័ន្ធឧស្សាហកម្មថៃ (ឬ FTI) បាននិងកំពុងដោះស្រាយបញ្ហាយ៉ាងតក់ក្រហល់ តាមរយៈវិធានការយុទ្ធសាស្ត្រថ្មីៗ។ ថៃបានកាត់បន្ថយការនាំចូលប្រេងឆៅពីមជ្ឈិមបូព៌ាពី៦០ភាគរយ មកនៅត្រឹម៣០ភាគរយ ដោយងាកទៅបញ្ជាទិញពីតំបន់អាហ្វ្រិកខាងលិច និងសហរដ្ឋអាម៉េរិកជំនួសវិញ។ ចំណែកប្រេងដែលនៅសល់ គឺជ្រើសរើសទទួលពីកំពង់ផែណាដែលស្ថិតនៅក្រៅច្រកសមុទ្ទហ័រមូស្ស ដើម្បីចៀសវាងការរំខាន៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត