វាយគ្នាអស់ចិត្ត អាម៉េរិក-អ៊ីរ៉ង់សម្រេចចុះកិច្ចព្រមព្រៀងសន្តិភាព! តើមេដឹកនាំពិភពលោកសាទរ និងប្រតិកម្មបែបណា?
ហៀប ស៊ីថេត
មួយថ្ងៃមុន

មជ្ឈិមបូព៌ា៖ មន្ត្រីអាម៉េរិក និងអ៊ីរ៉ង់បានអះអាងព្រមគ្នាថា ភាគីជម្លោះទាំង២ បានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម បញ្ឈប់ការបិទខ្ទប់របស់អាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ ព្រមទាំងការប្រកាសបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ ខណៈពន្លឺសន្តិភាពកំពុងរះឡើងនៅជ្រោយនៃទឹកដីមជ្ឈិមបូព៌ា ដែលអាចនឹងធ្វើឱ្យតម្លៃថាមពលប្រេងធ្លាក់ចុះ...។

មជ្ឈិម
មជ្ឈិម

ទីបំផុត សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយ ដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេលជិត៤ខែកន្លងមកនេះ។ ទន្ទឹមនឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social ថា៖«កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ឥឡូវនេះបានពេញលេញហើយ។ ខ្ញុំសូមអនុញ្ញាតទាំងស្រុងឱ្យមានការបើកច្រកសមុទ្ទហ័រមូស្សដោយសេរី និងបង្គាប់ឱ្យដកការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកជាបន្ទាន់ ហើយនាវានៃពិភពលោកទាំងឡាយ ចូរចាប់ផ្តើមបញ្ឆេះម៉ាស៊ីនចុះ»។

លោក ដូណាល់ ត្រាំ (កណ្តាល)
លោក ដូណាល់ ត្រាំ (កណ្តាល)

យោងតាមសេចក្ដីប្រកាសរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស ហ្សារីហ្វ (Shehbaz Sharif) ប៉ាគីស្ថានបានដើរតួជាអ្នកសម្របសម្រួលចម្បង រួមជាមួយប្រទេសកាតា តួកគី និងអារ៉ាប៊ីសាអូឌីត ហើយហត្ថលេខាជាផ្លូវការនឹងត្រូវស៊ីញេនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ថ្វីបើយ៉ាងនេះក្ដី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា អ៊ីស្រាអែលមិនជាប់ជំពាក់វាក់វិននឹងបទឈប់បាញ់នៅលីបង់ឡើយ ហើយខ្លួននឹងបន្តរក្សាសេរីភាពក្នុងការវាយប្រហារលើក្រុមហេសបូឡាហ៍ដដែល។ ការប្រកាន់ជំហររឹងត្អឹងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ ធ្វើឱ្យលោក ត្រាំ ក្ដៅស្លឹកត្រចៀកជាខ្លាំង បានរិះគន់ធ្ងន់ៗថា ៖«លោក នេតាន់យ៉ាហ៊ូ ជាមនុស្សពិបាករស់នៅជាមួយណាស់»។

តើមេដឹកនាំពិភពលោកប្រតិកម្ម ឬសាទរបែបណា ចំពោះការប្រកាសត្រៀមចុះកិច្ចព្រមព្រៀងសន្តិភាពអាម៉េរិក-អ៊ីរ៉ង់...? ចាប់ផ្តើមដំបូង គឺអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស (Antonio Guterres)។ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស ប្រកាសសូមស្វាគមន៍ចំពោះសេចក្ដីប្រកាសរបស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលផ្តល់នូវបទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ ការបើកច្រកសមុទ្ទហ័សមូស្សឡើងវិញ ក៏ដូចជាក្របខ័ណ្ឌសម្រាប់ការចរចាបន្តទៀត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ សង្កត់ធ្ងន់ថា ៖«នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី»។ ក្រៅពីនេះ ក៏មានសេចក្ដីថ្លែងការណ៍រួមពីមេដឹកនាំក្រុមប្រទេស E4 រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ដែលមានខ្លឹមសារថា ៖«អ៊ីរ៉ង់មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ យើងត្រៀមខ្លួនជាស្រេចក្នុងការធ្វើការងារជាមួយសហរដ្ឋអាម៉េរិក អ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីសម្រេចបាននូវគោលដៅនេះ»។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក គារ ស្តាមើ (Keir Starmer) បញ្ជាក់ថា ៖«យើងមានជំហរច្បាស់លាស់ថា សេរីភាពនៃការធ្វើនាវាចរណ៍ដោយគ្មានការបង់ថ្លៃ ត្រូវតែត្រូវបានស្តារឡើងវិញនៅក្នុងច្រកសមុទ្ទហ័ស្សមូស្សនាពេលនេះ...អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»។ ទន្ទឹមគ្នា ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងយ៉ាងវិជ្ជមានថា ៖«ខ្ញុំសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងផ្នែកការទូតដែលមានដៃគូជាច្រើនបានចូលរួមចំណែក។ ខ្ញុំសូមអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ និងពេញលេញដោយភាគីជម្លោះទាំងអស់។ កិច្ចព្រមព្រៀងនេះត្រូវតែអនុញ្ញាតឱ្យមានការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។ អធិការបតីអាល្លឺម៉ង់ លោក ហ្វីដ្រីក មើស៍ (Friedrich Merz) បានបន្ទរថា ៖«ខ្ញុំសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអាម៉េរិក-អ៊ីរ៉ង់ ហើយសូមអបអរសាទរចំពោះប្រធានាធិបតី ត្រាំ និងភាគីអ៊ីរ៉ង់។ នេះអាចជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការរស់ឡើងវិញនៃសេដ្ឋកិច្ចសកល និងមជ្ឈិមបូព៌ាដែលមានសុវត្ថិភាពជាងមុន។ វាជារឿងសំខាន់ណាស់ក្នុងការអនុវត្តវាដោយការប្តេជ្ញាចិត្តខ្ពស់»។

រីឯនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បាណេស (Anthony Albanese) បានសង្កត់ធ្ងន់ថា ៖«រដ្ឋាភិបាលអូស្ត្រាលីសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់។ អូស្ត្រាលីបានអំពាវនាវជាយូរមកហើយឱ្យមានការកាត់បន្ថយភាពតានតឹង និងបញ្ចប់ជម្លោះ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ ដូចដែលយើងបាននិយាយរួចមកហើយថា សង្គ្រាមនេះអូសបន្លាយពេលកាន់តែយូរ ផលប៉ះពាល់នឹងកាន់តែរីកធំ។ ការបន្តរក្សាភាពអត់ធ្មត់ និងការចូលរួមក្នុងន័យស្ថាបនា នឹងមានសារសំខាន់ខ្លាំងណាស់ ដើម្បីការពារកុំឱ្យមានការកើនឡើងកម្តៅបន្ថែមទៀត និងដើម្បីធានាបាននូវកិច្ចព្រមព្រៀងដ៏យូរអង្វែងមួយ»។

លើសពីនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ិ តាកៃឈី (Sanae Takaichi) សង្ឃឹមយ៉ាងមុតមាំថា ៖«ការធ្វើនាវាចរណ៍ដោយសេរី និងមានសុវត្ថិភាពតាមច្រកសមុទ្ទហ័មូស្ស នឹងត្រូវបានធានាក្នុងការអនុវត្តជាក់ស្តែង ហើយកិច្ចព្រមព្រៀងចុងក្រោយលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀត នឹងត្រូវសម្រេចបានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ជាមួយគ្នា រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក វីនស្តុន ភីតទ័រ (Winston Peters) បានសាទរថា ៖«កិច្ចព្រមព្រៀងដ៏មានសារសំខាន់ និងក្នុងន័យស្ថាបនានេះ គឺជាជំហានមួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងការលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់ ដែលមានសារសំខាន់ខ្លាំងចំពោះសន្តិសុខសេដ្ឋកិច្ចសកល... កិច្ចសន្ទនា និងការទូត នៅតែជាមធ្យោបាយមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយបញ្ហាដែលអូសបន្លាយពេលជាយូរមកហើយ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត