
រាជធានីភ្នំពេញ៖ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានដាំក្បាលចុះយ៉ាងគំហុកវិញហើយ នៅព្រឹកថ្ងៃទី១៥មិថុនានេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រកាសរួមគ្នាថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកឱ្យចរាចរតាមច្រកសមុទ្ទហ័រមូស្សឡើងវិញ។

យោងតាមទិន្នន័យទីផ្សារ តម្លៃប្រេងឆៅប្រភេទ Brent (ប្រេន) ដែលជាសន្ទស្សន៍តម្លៃប្រេងសកល បានធ្លាក់ចុះ៤,៣ភាគរយ មកនៅត្រឹម៨៣,៥៩ដុល្លារក្នុង១បារ៉ែល ខណៈប្រេងឆៅរបស់អាម៉េរិកប្រភេទ West Texas Intermediate បានដាំក្បាលចុះ ៤,៩ភាគរយ មកនៅត្រឹម៨០,៦៩ដុល្លារ។ ភ្លាមៗនោះ លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា លោកបានអនុញ្ញាតឱ្យមានការបើកច្រកសមុទ្រហ័រមូសឡើងវិញដោយ «មិនគិតថ្លៃឆ្លងកាត់» ព្រមទាំងបញ្ចប់ការបិទខ្ទប់សេដ្ឋកិច្ចលើអ៊ីរ៉ង់ ដោយបានសរសេរយ៉ាងមានជំនឿចិត្តថា៖«កប៉ាល់ទាំងអស់នៅលើពិភពលោក ចាប់ផ្តើមបញ្ឆេះម៉ាស៊ីនទៅ...ដល់ពេលបើកផ្លូវឱ្យប្រេងហូរវិញហើយ»។

ចំណែកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស ហ្សារីហ្វ (Shehbaz Sharif) បានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នាថ្ងៃទី១៩មិថុនាខាងមុខ ដែលនៅក្នុងនោះ ក៏រួមបញ្ចូលទាំងការបញ្ចប់ប្រតិបត្តិការយោធានៅក្នុងប្រទេសលីបង់ ជាលក្ខខណ្ឌដ៏សំខាន់បំផុតដែលអ៊ីរ៉ង់ចង់បាន។ ស្របពេលជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្ការីបាបាឌី (Kazem Gharibabadi) ក៏បានចេញមុខបញ្ជាក់ពីភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះដូចគ្នា។

គួររំលឹកថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈមក នៅពេលដែលអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហាររួមគ្នាទៅលើអ៊ីរ៉ង់ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ ដែលធ្វើឱ្យអ៊ីរ៉ង់ឆ្លើយតបវិញដោយការបិទច្រកសមុទ្ទហ័រមូស្ស រហូតតម្លៃថាមពលសកលហក់ឡើងកប់ពពក ប៉ុន្តែព័ត៌មាននៃការចរចាត្រូវរ៉ូវគ្នាវិញនាពេលនេះ បានធ្វើឱ្យទីផ្សារប្រេង រួមទាំងតម្លៃហ្កាសធម្មជាតិនៅអឺរ៉ុប ធូរស្រាលឡើងវិញភ្លាមៗ ដោយធ្លាក់ចុះ៥,៨ភាគរយ៕



