អ៊ីរ៉ង់គ្រោងរៀបចំពិធីបុណ្យសពជូនអតីតមេដឹកនាំកំពូលខ្លួន ដែលស្លា.ប់ដោយសារមីស៊ីលអាម៉េរិក-អ៊ីស្រាអែល
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេណេ (Ayatollah Ali Khamenei) នឹងត្រូវចាប់ផ្តើមរៀបចំឡើងនៅក្នុងរដ្ឋធានីតេហេរ៉ង់ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នាពេលឆាប់ៗនេះ ហើយនឹងត្រូវបញ្ចុះសពនៅថ្ងៃទី៩ ខែកក្កដា ក្នុងទីក្រុង ម៉ាសហាដ (Mashhad) ដែលជាស្រុកកំណើតរបស់លោក។ Mashhad ត្រូវចាត់ទុកជាក្រុងសាសនា ឬជាក្រុងសក្ការបូជា ហើយក៏ជាក្រុងធំទី២របស់អ៊ីរ៉ង់។ 

លោក អាយ៉ាតូឡា អាលី ខាមេនី
លោក អាយ៉ាតូឡា អាលី ខាមេនី

លោក អាយ៉ាតូឡា អាលី ខាមេណេ ដែលបានដឹកនាំរបបសាធារណរដ្ឋអ៊ិស្លាមអស់រយៈពេល៣៦ឆ្នាំ បានទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ (ជាថ្ងៃដំបូងនៃការចាប់ផ្តើមសង្គ្រាម)។ ការវាយប្រហារនាពេលនោះ បានកម្ទេចទីស្នាក់ការកណ្តាលរបស់លោកនៅក្នុងរដ្ឋធានីតេហេរ៉ង់។ ទោះបីជាច្បាប់អ៊ិស្លាមតម្រូវឱ្យបញ្ចុះសពឱ្យបានឆាប់បំផុតក្នុងរយៈពេល២៤ម៉ោងក្ដី ប៉ុន្តែច្បាប់នេះក៏មានការលើកលែងផងដែរក្នុងករណីមានសង្រ្គាម។ បច្ចុប្បន្ន លោក ម៉ូចតាបា ខាមេណេ (Mojtaba Khamenei) អាយុ៥៦ឆ្នាំ ដែលជាកូនប្រុសរបស់លោក អាយ៉ាតូឡា អាលី ខាមេណេ បានឡើងបន្តតំណែងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។ លោក ម៉ូចតាបា ក៏បានរងរបួសក្នុងការវាយប្រហារថ្ងៃដំបូងរបស់អាម៉េរិក និងអ៊ីស្រាអែលដែរ។ 

ក្នុងអំឡុងពេលកាន់អំណាច លោក អាយ៉ាតូឡា អាលី ខាមេណេ បានកសាងអ៊ីរ៉ង់ឱ្យក្លាយជាកម្លាំងប្រឆាំងអាម៉េរិកដ៏មានឥទ្ធិពល និងបានពង្រីកឥទ្ធិពលយោធានៅមជ្ឈិមបូព៌ាតាមរយៈក្រុមប្រូកស៊ី (Proxy) ដូចជាក្រុមហេសបូឡានៅលីបង់ជាដើម ព្រមទាំងបានប្រើកណ្តាប់ដៃដែកដើម្បីបង្រ្កាបការបះបោរក្នុងស្រុក។ ក្រុមប្រូកស៊ី គឺជាក្រុមដែលត្រូវប្រទេសផ្សេង ប្រើប្រាស់ ឬពឹងពាក់ឱ្យជួយចូលរួមធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសជាសត្រូវ។ ព័ត៌មានលម្អិតនៃពិធីបុណ្យសពលោក អាយ៉ាតូឡា អាលី ខាមេណេ ត្រូវបានលាតត្រដាងចំពេលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស ហ្សារីហ្វ បានប្រកាសថា អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាលើក្របខ័ណ្ឌសន្តិភាពហើយ បន្ទាប់ពីហែកហួរដោយសង្រ្គាមអស់រយៈពេលជាង៣ខែមកនេះ ដោយរំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមក្នុងពេល២៤ម៉ោងខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត