តើជិតដល់ភាគបញ្ចប់ហើយឬ? អាម៉េរិក ប្រកាសប្រាប់ពិភពលោកថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ «នឹងត្រូវចុះហត្ថលេខានៅថ្ងៃនេះ»
N
Nary Vann
13 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ប៉ាគីស្ថាន (ជាអ្នកសម្របសម្រួល) និងសហរដ្ឋអាម៉េរិក បានប្រកាសថា កិច្ចព្រមព្រៀងបឋមមួយដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា នឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យ ទី១៤មិថុនានេះហើយ។ ទោះជាយ៉ាងណាក៏ដោយ ភាគីអ៊ីរ៉ង់ហាក់ដូចជាមិនទាន់ចង់ប្រញាប់ប្រញាល់ឡើយ ដោយបានចេញមុខបដិសេធថា ការចុះហត្ថលេខានឹងមិនអាចធ្វើឡើងលឿនរហ័សបែបនេះនោះទេ។

យោងតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស ហ្សារីហ្វ (Shehbaz Sharif) ភាគីទាំងពីរបានព្រមព្រៀងគ្នាលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពរួចរាល់ហើយ ដោយរដ្ឋធានីអ៊ីស្លាម៉ាបាដ កំពុងរៀបចំសម្រាប់ការចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិក មុននឹងឈានទៅបើកកិច្ចចរចាកម្រិតបច្ចេកទេសបន្ថែមទៀតនៅសប្តាហ៍ក្រោយ។ ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមដោយក្ដីសង្ឃឹមថា ច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ប្រេងសកល ហើយត្រូវបានបិទខ្ទប់ដោយអ៊ីរ៉ង់នោះ នឹងត្រូវបើកចំហឡើងវិញភ្លាមៗសម្រាប់កប៉ាល់ដឹកជញ្ជូនទាំងអស់ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ផ្ទុយទៅវិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អែសម៉ែល បាកៃ (Esmaeil Baghaei) បានបង្ហាញជំហរប្រុងប្រយ័ត្នខ្ពស់ និងបានដាស់តឿនកុំឱ្យមានការទស្សទាយមុនពីពេលវេលានៃការចុះហត្ថលេខានេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានស្រង់សម្តីលោក បាកៃ ថា៖«ចំពោះថ្ងៃពិតប្រាកដនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា យើងមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ ប៉ុន្តែវានឹងមិនមែនជាថ្ងៃអាទិត្យនេះឡើយ»។ 

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែលភាគីទាំងពីរមើលទៅហាក់ដូចជាកៀកនឹងសម្រេចបានកិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់សង្រ្គាមដ៏ស្រួចស្រាវ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ តាមរយៈការបើកការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ សង្រ្គាមមួយនេះ មិនត្រឹមតែបានរុញច្រានតម្លៃថាមពលសកលឱ្យហក់ឡើងខ្ពស់កប់ពពកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ ដែលភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ជាទីដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេហ្សបូឡាគាំទ្រដោយអ៊ីរ៉ង់ បានឆាបឆេះឡើងវិញយ៉ាងខ្លាំងក្លា។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានបង្ហើបប្រាប់អ្នកកាសែតដោយភាពជឿជាក់ថា៖«នេះគឺជាកិច្ចព្រមព្រៀងដ៏ល្អ និងរឹងមាំបំផុតមួយ» ខណៈនាយករដ្ឋមន្ត្រីប៉ាគីស្ថានក៏បានសរសេរនៅលើបណ្តាញសង្គម X ដែរថា ពេលនេះ ពួកគេកំពុងតែដើរមកកៀកនឹងកិច្ចព្រមព្រៀងសន្តិភាពជាងពេលណាៗទាំងអស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត