អ៊ីឡុន ម៉ាស ក្លាយជាមនុស្សដំបូងគេលើលោក ដែលមានទ្រព្យសម្បត្តិលំដាប់ទ្រីលានដុល្លារ ចាយ២៧៤០ឆ្នាំទើបអស់
N
Nary Vann
7 ម៉ោងមុន

សហរដ្ឋអាម៉េរិក៖ នៅពេលដែលក្រុមហ៊ុនទីអវកាស SpaceX របស់លោក អ៊ីឡុន ម៉ាស (Elon Musk) បើកការជួញដូរជាសាធារណៈលើកដំបូង (IPO) នៅលើទីផ្សារភាគហ៊ុន Wall Street នៅថ្ងៃទី១២ ខែមិថុនានេះ មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ នឹងត្រូវកត់ត្រាចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ក្នុងនាមជា «មហាសេដ្ឋីទ្រីលានដំបូងគេបង្អស់នៅលើពិភពលោក» ពោលគឺ អ្នកមានទ្រព្យសម្បត្តិចាប់ពី១ពាន់ប៊ីលាន ឬ១លានលានដុល្លារឡើងទៅ)...។

លោក អ៊ីឡុន ម៉ាស
លោក អ៊ីឡុន ម៉ាស

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg លោក ម៉ាស មានទ្រព្យសម្បត្តិប្រហែល៦៩៦ពាន់លានដុល្លាររួចទៅហើយ ប៉ុន្តែភាគហ៊ុន៤២ភាគរយរបស់លោកនៅក្នុងក្រុមហ៊ុន SpaceX ដែលបានប្រកាសតម្លៃរហូតដល់១,៧៧ទ្រីលានដុល្លារ នៅលើទីផ្សារភាគហ៊ុន Nasdaq នឹងរុញច្រានទ្រព្យសម្បត្តិរបស់លោកឱ្យកើនឡើងហួសពីការស្មាន។ ទ្រព្យសម្បត្តិលំដាប់ទ្រីលានដុល្លារនេះ គឺមានទំហំធំធេងខ្លាំងណាស់ បើតាមអង្គការសប្បុរសធម៌ Oxfam បានគណនាថា ប្រសិនបើលោក ម៉ាស ចាយលុយ១លានដុល្លារជារៀងរាល់ថ្ងៃ គាត់ត្រូវចំណាយពេលរហូតដល់ទៅ២៧៤០ឆ្នាំ ទើបអស់លុយ១ទ្រីលានដុល្លារនេះ។ បើប្រៀបធៀបជាមួយមហាសេដ្ឋីនានា នាពេលបច្ចុប្បន្ន លោក ម៉ាស មានទ្រព្យសម្បត្តិច្រើនជាងស្ថាបនិកក្រុមហ៊ុន Google គឺលោក ឡារី ផេច (Larry Page) ដែលជាអ្នកមានដាច់គេទីពីរលើលោក មានទ្រព្យសម្បត្តិ ៣០៤ពាន់លានដុល្លារ រហូតដល់ទៅជាង៣ដងឯណោះ

បើយកទៅប្រៀបធៀបក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ លោក អ៊ីឡុន ម៉ាស ក៏នឹងក្លាយជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត មិនធ្លាប់មានផងដែរ (ដោយមិនរាប់បញ្ចូលស្តេច ឬអធិរាជដែលគ្រងរាជ្យឡើយ)។ លោកសាស្ត្រាចារ្យ ហ្គូអ៊ីដូ អាល់ហ្វានី (Guido Alfani) ផ្នែកប្រវត្តិសាស្ត្រសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ Bocconi បានលើកឡើងថា ទ្រព្យសម្បត្តិរបស់លោក ម៉ាស នាពេលនេះ គឺស្មើនឹងប្រហែល ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាម៉េរិកទាំងមូល ដែលចំនួននេះ គឺលើសពីកំពូលមហាសេដ្ឋីប្រេងកាតក្នុងប្រវត្តិសាស្ត្រ លោក ចន ឌី រ៉ុកហ្វេលលើរ (John D. Rockefeller) ដែលធ្លាប់មានទ្រព្យសម្បត្តិត្រឹមតែ១,៥ភាគរយនៃ GDP អាម៉េរិកទៅទៀត។

បន្ថែមពីលើក្រុមហ៊ុនផលិតរ៉ុក្កែត និងប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប SpaceX ដ៏ធំសម្បើមនេះ លោក អ៊ីឡុន ម៉ាស ក៏ជាម្ចាស់ និងជាស្ថាបនិកនៃបណ្តាញក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលៗជាច្រើនទៀត​ រួមមាន៖ ក្រុមហ៊ុនឡានអគ្គិសនី និងរ៉ូបូតតេស្លា (Tesla), ក្រុមហ៊ុនបណ្តាញសង្គមយក្ស​ X, ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI, ក្រុមហ៊ុនជីករូងក្រោមដី ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ (The Boring Company) និងក្រុមហ៊ុនបច្ចេកវិទ្យាខួរក្បាល និងកុំព្យូទ័រ (Neuralink) ដែលកំពុងសាកល្បងដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស។ ការផ្សារភ្ជាប់គ្នារវាងបច្ចេកវិទ្យាឡានអគ្គិសនី អ៊ីនធឺណិតផ្កាយរណប រ៉ុក្កែតទីអវកាស និងបញ្ញាសិប្បនិម្មិត ពីក្រុមហ៊ុនទាំងអស់នេះហើយ ដែលជាកាតាលីករដ៏មានឥទ្ធិពលបំផុត ក្នុងការរុញច្រានតម្លៃខ្លួនរបស់លោក អ៊ីឡុន ម៉ាស ឱ្យហក់ធ្លាយដល់ចំណុចកំពូល ដែលមិនធ្លាប់មាននរណាធ្វើបានក្នុងប្រវត្តិសាស្ត្រមនុស្សលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត