
រដ្ឋធានីព្យុងយ៉ាង៖ រដ្ឋាភិបាលព្យុងយ៉ាង បានប្រកាសយ៉ាងម៉ឺងម៉ាត់នៅថ្ងៃទី១៤មិថុនានេះថា គ្មានថ្ងៃបោះបង់អាវុធនុយក្លេអ៊ែរចោលឡើយ ហើយរឿងរំសាយអាវុធនេះ នឹងមិនកើតឡើងជាដាច់ខាត ព្រមទាំងបានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីស្វែងរកការទប់ស្កាត់នុយក្លេអ៊ែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានរដ្ឋ KCNA បានគូសបញ្ជាក់ថា៖«វោហារសាស្ត្រគ្មានន័យរបស់សហរដ្ឋអាម៉េរិក និងក្រុមប្រទេសរណប រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការបង្កើតការគំរាមកំហែងមកលើកូរ៉េខាងជើង មិនអាចកែប្រែជំហររដ្ឋអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបាននោះឡើយ»។

ការចេញមុខប្រតិកម្មយ៉ាងក្ដៅគគុកពីសំណាក់រដ្ឋធានីព្យុងយ៉ាងនាពេលនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីសេអ៊ូល ក្រោមក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរ កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការងើបឡើងវិញនៃប្រព័ន្ធការពារ និងការពង្រឹងសមត្ថភាពទប់ស្កាត់ទៅនឹងការអភិវឌ្ឍកម្មវិធីអាវុធ និងមីស៊ីលដែលកំពុងតែរីកលូតលាស់យ៉ាងរហ័សរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានចាត់ទុកកិច្ចចរចារវាងសម្ព័ន្ធមិត្តទាំងពីរនេះថា ជាការប៉ុនប៉ងរំលោភបំពានសន្តិសុខជាតិរបស់ខ្លួន និងបានបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនយកអធិបតេយ្យភាព និងអាវុធយុទ្ធសាស្ត្រនេះទៅដាក់លើតុចរចាជាមួយបរទេសជាដាច់ខាត៕




