
ក្រុងកំពង់ចាម៖ ជាដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ និងចូលចិត្ត «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម! ពេលនេះទុរេនបែកអន្លូង ត្រូវបានចុះបញ្ជីម៉ាកសមូហភាពហើយ ដើម្បីការពារកុំឱ្យមានការក្លែងបន្លំពីសំណាក់ជនខិលខូច។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម...។

ក្នុងដំណើរចុះបំពេញបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពសហគមន៍ ទុរេនបែកអន្លូង ជាមួយតំណាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុន ចាន់ដា បានឱ្យដឹងថា នេះជារបត់ថ្មីមួយដ៏រីករាយ បន្ទាប់ពីផ្លែឈើដ៏មានប្រជាប្រិយភាពប្រចាំតំបន់មួយនេះ ទទួលបានការការពារ និងធានាគុណភាពជាផ្លូវការ។ លោកអះអាងថា ដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំនៅលើទីផ្សារ និងដើម្បីលើកកម្ពស់កសិផលខ្មែរ ពេលនេះទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ទទួលបានខ្នងបង្អែកយ៉ាងរឹងមាំចំនួន២ រួមមាន៖ ១. ការចុះបញ្ជីម៉ាកសមូហភាព (កម្មសិទ្ធិបញ្ញា) ជាការធានាការពារកេរ្តិ៍ឈ្មោះ «ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់» ស្របច្បាប់ មិនអនុញ្ញាតឱ្យមានការយកឈ្មោះនេះទៅប្រើប្រាស់ខុសច្បាប់លើទុរេនមកពីតំបន់ផ្សេងឡើយ។ ២. វិញ្ញាបនបត្រ CamGAP (សម្គាល់ទីតាំងចម្ការ) ដែលជាការបញ្ជាក់ថា ទុរេនទាំងនោះត្រូវបានដាំដុះស្របតាមស្ដង់ដារកសិកម្មរបស់កម្ពុជា ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដឹងពីប្រភពចម្ការច្បាស់លាស់ ធានាទាំងគុណភាព រសជាតិ និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកទទួលទាន។

អភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅ មុននឹងសម្រេចចិត្តទិញទុរេនដែលគេអះអាងថាជាទុរេនបែកអន្លូង សូមកុំភ្លេចសាកសួរ ឬពិនិត្យមើលសញ្ញាសម្គាល់ម៉ាកសមូហភាព និងបណ្ណបញ្ជាក់ CamGAP ដើម្បីប្រាកដថា លោកអ្នកបានវាយតម្លៃ និងគាំទ្រចំទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ពិតប្រាកដ។ លោក អ៊ុន ចាន់ដា ក៏បានស្នើដល់បងប្អូនសហគមន៍កសិកម្ម ធ្វើយ៉ាងណាត្រូវគ្រប់គ្រងសហគមន៍ទុរេនបែកអន្លូង ស្ទឹងត្រង់ ឱ្យបានរឹងមាំ និងកៀរគរពង្រីកសមាជិកថ្មីបន្ថែមទៀត ពិសេសត្រូវពង្រឹងវិសាលភាព និង គ្រប់គ្រងការទប់ស្កាត់រំហូរចូលពីខាងក្រៅ ពោលគឺត្រូវរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និងយុទ្ធសាស្ត្រការពារឱ្យបានច្បាស់លាស់៕







