
ខេត្តសៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយ អាជ្ញាធរជាតិអប្សរា បន្តអនុវត្តគម្រោងជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង ដើម្បីពង្រឹងស្ថិរភាពរចនាសម្ព័ន្ធ និងទប់ស្កាត់ការខូចខាតបន្ថែម។ នេះបើយោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។

លោក គង់ សាវបុត្រ នាយកអង្គការ WMF ប្រចាំកម្ពុជា បានឱ្យដឹងថា ផ្នែកខាងលិចនៃប្រាសាទភ្នំបាខែង បានរងការខូចខាតប្រហាក់ប្រហែលនឹងជ្រុងផ្សេងៗទៀត។ លោក បន្តថា ក្រុមការងារជំនាញ បានរៀបចំរចនាសម្ព័ន្ធឡើងវិញដោយជួសជុលជញ្ជាំងកម្រាល និងជំនួសថ្មបាយក្រៀមថ្មីនៅតំបន់ដែលថ្មចាស់ពុកផុយ ឬបាត់បង់។ ជាមួយគ្នា លោក ជីវ ភិរម្យ វិស្វករគម្រោងជួសជុលប្រាសាទភ្នំបាខែង បានលើកឡើងថា គម្រោងនេះបានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២៦ ដោយផ្តោតលើការជួសជុលជញ្ជាំងកម្រាល និងជណ្តើរនៅតំបន់គោលដៅ។

លោក គង់ សាវបុត្រ បន្ថែមថា ក្នុងការងារនេះត្រូវបានអនុវត្តដោយក្រុមអ្នកជំនាញប្រមាណ១០នាក់ ដែលទទួលបន្ទុកលើការពង្រឹងគ្រឹះ រៀបចំជញ្ជាំង និងស្តារជណ្តើរឡើងវិញ។ មុនពេលចាប់ផ្តើមជួសជុល ក្រុមការងារបានសិក្សាយ៉ាងលម្អិតអំពីប្រព័ន្ធបង្ហូរទឹក ស្ថានភាពបរិវេណប្រាសាទ ប្រភេទថ្ម និងរចនាសម្ព័ន្ធទាំងមូល។ លើសពីនេះក៏មានការរៀបចំប្លង់បច្ចេកទេស និងវាយតម្លៃកត្តាបង្កការខូចខាត ដោយមានការពិគ្រោះយោបល់ពីអ្នកជំនាញជាតិ និងអន្តរជាតិ មុនដាក់ស្នើទៅក្រុមអ្នកជំនាញការនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម។ អ្នកជំនាញរូបនេះ ពន្យល់ថា ការងារជួសជុលរួមមានការពង្រឹងថ្មភ្នំ និងគ្រឹះដែលរងការខូចខាត ការរៀបជញ្ជាំងឡើងវិញឱ្យមានលំនឹង ការកែលម្អប្រព័ន្ធបង្ហូរទឹកនៅជាន់ផ្សេងៗ និងការបន្ថែមចង្កឹះកែវសម្រាប់ទប់ទល់ការផ្អៀងរបស់ជញ្ជាំង។ ក្រុមការងារក៏បានបន្ថែមរន្ធបង្ហូរទឹក និងរៀបចំជម្រាលការពារទឹកជ្រាប ដើម្បីកាត់បន្ថយហានិភ័យនៃការខូចខាតនាពេលអនាគត៕





