
ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនវែងសេងហ្រ្គីន មានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានមន្រ្តីជំនាញរកឃើញដឹកជញ្ជូនសំណល់គ្រាប់ និងសំបកស្វាយ ចាក់ចោលមិនបានត្រឹមត្រូវ។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។

ក្រសួងបរិស្ថាន គូសបញ្ជាក់ថា មន្រ្តីជំនាញបានចាត់វិធានការឱ្យក្រុមហ៊ុនបញ្ឈប់ការយកសំណល់ស្វាយ ដូចជា សំបក គ្រាប់ និងទឹក ទៅចាក់លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នា ក្រុមហ៊ុន ត្រូវផ្តល់សំណង និងស្តារការខូចខាតបរិស្ថានឡើយវិញ ដោយត្រូវប្រមូលសំណល់ស្វាយ យកទៅដាក់នៅទីលានទុកដាក់សំរាម ស្របតាមបទដ្ឋានបច្ចេកទេស និងស្តារគុណភាពដី (ក្រសួងទុកពេលឱ្យក្រុមហ៊ុនមួយសប្តាហ៍)។ ក្រសួងព្រមានថា ករណីក្រុមហ៊ុនមិនបានអនុវត្តតាម នឹងសម្រេចផ្អាកដំណើរការ។

ក្រសួងបន្ថែមថា ការចាក់ចោលកាកសំណល់ពាសវាលពាសកាល លើដីស្រែ និងដីសាធារណៈ បង្កឱ្យមានក្លិនអាក្រក់ប៉ះពាល់ដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រសួងចាត់ទុកថាជាទង្វើល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៥៩ និងមាត្រា៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕



