
រដ្ឋធានីណៃពិដោ៖ ហេតុការណ៍ផ្ទុះ[គ្រឿងផ្ទុះ]ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី៣១ឧសភាម្សិលមិញ នៅភាគខាងជើងរដ្ឋសាន ប្រទេសភូមា ឬមីយ៉ាន់ម៉ា ដោយបានបណ្ដាលឱ្យប្រជាពលរដ្ឋយ៉ាងហោចណាស់៥៥នាក់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល...។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC និងភ្នាក់ងារព័ត៌មានក្នុងស្រុកស្វីភីម៉្យៃ (Shwe Phee Myay) បានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំង៥៥នាក់នោះ មានស្ត្រី២៥នាក់ និងបុរស៣០នាក់។ ភ្លាមៗបន្ទាប់ពីកើតហេតុ កងទ័ពរំដោះជាតិតាអាង Ta'ang (TNLA) ជាក្រុមប្រដាប់អាវុធជនជាតិភាគតិចគ្រប់គ្រងតំបន់នោះ បានចេញសេចក្តីថ្លែងការណ៍តាមរយៈសារលើបណ្តាញតេឡេក្រាម ដោយបញ្ជាក់ថា មូលហេតុនៃមហន្តរាយនេះ គឺបណ្ដាលមកពីការផ្ទុះឡើងដោយអចេតនានៃសារធាតុគីមី និងគ្រឿងផ្ទុះ ដែលត្រូវបានរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មធ្វើអាជីវកម្មអណ្តូងរ៉ែ នៅក្នុងភូមិកើតហេតុ។

កម្លាំងផ្ទុះដ៏មហិមា បានកម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងភូមិជាច្រើនខ្នង ខណៈក្រុមសង្គ្រោះបន្ទាន់ បានសម្ដែងការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងបន្ថែមទៀត ព្រោះសាកសពខ្លះអាចនឹងកំពុងជាប់ក្រោមគំនរបាក់បែក។ ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យ និងក្រុមការងារសង្គ្រោះ កំពុងដុតដៃដុតជើងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ព្យាបាលអ្នករបួស និងរៀបចំកម្មវិធីស្តារនីតិសម្បទាឡើងវិញដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារការផ្ទុះនេះឱ្យបានឆាប់រហ័សបំផុត។

គួរបញ្ជាក់ថា ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក ប្រទេសភូមា ឬមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដោយក្រុមឧទ្ទាមជនជាតិភាគតិចភាគច្រើន បានងាកមកពឹងផ្អែកលើការធ្វើអាជីវកម្មរ៉ែមានតម្លៃ ដើម្បីរកប្រាក់ចំណូលមកទិញអាវុធប្រយុទ្ធប្រឆាំងនឹងរបបសឹក។ ដោយសារតែកង្វះខាតវិធានការសុវត្ថិភាព ទើបធ្វើឱ្យគ្រោះថ្នាក់បាក់អណ្តូងរ៉ែ ឬការផ្ទុះរំសេវបែបនេះ កើតឡើងជាញឹកញាប់៕



