ដោះឈុតយោធាចេញពាក់អាវធំវិញ មីន អ៊ុងឡាំង ត្រៀមទៅក្រេបតែក្ដៅនៅប្រទេសឥណ្ឌា
ហៀប ស៊ីថេត
29 ឧសភា 2026 01:30 PM

រដ្ឋធានីណៃពិដោ៖ ប្រធានាធិបតីភូមា ឬមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារយៈពេល៥ថ្ងៃ ចាប់ថ្ងៃសៅរ៍ទី៣០ឧសភាដល់ថ្ងៃទី៣ ខែមិថុនា។ នេះបើយោងតាមសេចក្តីថ្លែងការរបស់រដ្ឋធានីញូវដេលី។ តាមពិតទៅ នេះជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់របស់លោក មីន អ៊ុងឡាំង ចាប់តាំងពីឡើងអង្គុយកៅអីប្រធានាធិបតី...។

លោក មីន អ៊ុងឡាំង
លោក មីន អ៊ុងឡាំង

លោក មីន អ៊ុងឡាំង នឹងត្រូវអមដំណើរដោយគណៈប្រតិភូនៃបណ្តារដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នេះបើតាម​ក្រសួងការបរទេសឥណ្ឌា គូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ យោងតាមរដ្ឋាភិបាលនៃប្រទេសទាំង២ អតីតមេបញ្ជាការយោធារូបនេះ នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងជួបជាមួយតំណាងក្រុមហ៊ុនអាជីវកម្មនានា។ ភាគីមីយ៉ាន់ម៉ា ក៏បានគូសបញ្ជាក់ផងដែរថា គម្រោងជំនួបជាមួយប្រធានាធិបតីឥណ្ឌា លោកស្រី ឌ្រូប៉ាឌី មួរមូ (द्रौपदी मुर्मू) ក៏ត្រូវបានរៀបចំឡើងផងដែរ។ រដ្ឋធានីញូវដេលី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងពហុភាគីរវាងប្រទេសទាំង២។

លោក មីន អ៊ុងឡាំង(ឆ្វេង) និងលោក ណារិនដ្រា ម៉ូឌី
លោក មីន អ៊ុងឡាំង(ឆ្វេង) និងលោក ណារិនដ្រា ម៉ូឌី

សូមជម្រាបថា លោក មីន អ៊ុងឡាំង បានស្បថចូលកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា ដោយបន្តគ្រប់គ្រងអំណាចរបស់លោកពីរបបយោធា មកជាស៊ីវិលវិញម្ដង។​ សូមជម្រាបថា បន្ទាប់ពីការគ្រប់គ្រងតាមរបបយោធាអស់រយៈពេល៨ឆ្នាំ លោក មីន អ៊ុងឡាំង បានរៀបចំការបោះឆ្នោតមួយ ដែលបានបញ្ចប់ទៅកាលពីខែមករា ដោយការបោះឆ្នោតនោះ បានផាត់ចេញនូវគណបក្សប្រឆាំងដ៏ធំបំផុតរបស់លោកស្រី អ៊ុងសាន ស៊ូជី ព្រមទាំងបណ្តាញក្រុមប្រដាប់អាវុធជនជាតិភាគតិច។ មន្ត្រីសភាមីយ៉ានម៉ា បានឱ្យដឹងថា ពិធីស្បថចូលកាន់តំណែងរបស់លោក មីន អ៊ុងឡាំង មានការចូលរួមពីតំណាងនៃប្រទេសជិតខាង រួមមាន៖ ប្រទេសចិន ឥណ្ឌា និងថៃ ព្រមទាំងប្រទេសចំនួន២០ផ្សេងទៀត៕

លោក មីន អ៊ុងឡាំង(ឆ្វេង) និងលោក ណារិនដ្រា ម៉ូឌី
លោក មីន អ៊ុងឡាំង(ឆ្វេង) និងលោក ណារិនដ្រា ម៉ូឌី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត