
រដ្ឋធានីណៃពិដោ៖ កងទ័ពរដ្ឋាភិបាលសឹកភូមា បាននិងកំពុងបើកយុទ្ធនាការវាយលុកទ្រង់ទ្រាយធំជាថ្មី ទៅលើតំបន់ព្រំដែនយុទ្ធសាស្ត្រ បន្ទាប់ពីមេបញ្ជាការកងទ័ពថ្មី លោក យ៉េ វីនអូ (Ye Win Oo) បានឡើងកាន់តំណែងកាលពីខែមីនា ជំនួសតំណែង លោក មីន អ៊ុងឡាំង ដែលបានហក់ឡើងទៅកាន់តំណែងប្រធានាធិបតី...។

ការកម្រើកសង្គ្រាមជាថ្មីនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបដិសេធដាច់អហង្កា ចំពោះសំណើចរចាសន្តិភាពរបស់លោកប្រធានាធិបតី មីន អ៊ុងឡាំង។ យុទ្ធនាការវាយលុក និងទម្លាក់គ្រាប់បែកតាមផ្លូវអាកាសយ៉ាងចាស់ដៃរបស់របបសឹក បច្ចុប្បន្ន ផ្ដោតលើរដ្ឋសំខាន់ៗចំនួនបី រួមមាន៖ រដ្ឋកាឈីន (Kachin State) ជាប់ព្រំដែនចិន ដែលជាតំបន់សម្បូររ៉ែកម្រ ផ្គត់ផ្គង់រហូតដល់ទៅពាក់កណ្ដាលនៃតម្រូវការសកលលោក សម្រាប់យកទៅផលិតទូរប៊ីនខ្យល់ រថយន្តអគ្គិសនី, រដ្ឋឈីន (Chin State) ជាប់ព្រំដែនឥណ្ឌា ដែលជាច្រកផ្លូវដឹកជញ្ជូនភស្តុភារយុទ្ធសាស្ត្ររបស់បក្សប្រឆាំង និងរដ្ឋការ៉ែន (Karen State) ជាប់ព្រំដែនថៃ ផ្ដោតលើការដណ្តើមយកផ្លូវហាយវ៉េពាណិជ្ជកម្មម្យ៉ាវ៉ាឌី (Myawaddy) ត្រឡប់មកវិញ។

ទោះបីជាបច្ចុប្បន្ន ប្រទេសភូមា ឬមីយ៉ាន់ម៉ា កំពុងជួបវិបត្តិខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងក៏ដោយ ក៏ប៉ុន្តែម៉ាស៊ីនសង្គ្រាម និងការវាយប្រហារតាមផ្លូវអាកាសរបស់របបសឹក ហាក់បីដូចជានៅមិនទាន់មានសញ្ញាថយចុះកម្តៅឡើយ ខណៈខាងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប្រកាសបដិសេធការចរចា និងត្រៀមខ្លួនដើម្បីបាញ់តទល់ការពារទឹកដីរបស់ពួកគេ៕



